
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ កាលពីថ្ងៃចន្ទទី២០ ខែកក្កដា ដើម្បីដាក់ពន្ធថ្មី៥០ភាគរយលើទំនិញកាណាដាជាច្រើនមុខ ដោយបានចោទប្រកាន់រដ្ឋធានីអូតាវ៉ា ថាបានប្រព្រឹត្តបែបរើសអើង ប្រឆាំងនឹងផលិតផលគ្រឿងស្រវឹង ទឹកដោះគោ និងរថយន្តរបស់អាម៉េរិក។

ពន្ធទាំងនេះនឹងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ ហើយគ្របដណ្ដប់លើមុខទំនិញជាច្រើន រាប់ចាប់ពីស្រា ដំបងវាយកូនគោលលើទឹកកក រហូតដល់ស៊ីម៉ង់ត៍។ នេះបើយោងតាមព័ត៌មានរបស់សេតវិមាន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់នោះគឺ ពន្ធថ្មីនេះនឹងប៉ះពាល់ដល់ផលិតផល ដែលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាម៉េរិក-ម៉ិកស៊ិក-កាណាដា។

សកម្មភាពចុងក្រោយរបស់លោក ត្រាំ បានគំរាមកំហែង និងបង្កើនភាពតានតឹងបន្ថែមទៀតរវាងរដ្ឋធានីវ៉ាស៊ីនតោន និងអូតាវ៉ា ហើយកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានគំរាមកាណាដា អំពីការបំណងដំឡើងពន្ធនេះ។ សេតវិមានបានអះអាងថា កាណាដា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតែ២គត់ (រួមជាមួយប្រទេសចិន) ដែលបានសងសឹកប្រឆាំងនឹងពន្ធធ្ងន់ធ្ងររបស់លោក ត្រាំ។ ខេត្តភាគច្រើនរបស់កាណាដាបានផ្អាកការទិញគ្រឿងស្រវឹងពីអាម៉េរិក ដោយធ្វើពហិការប្រឆាំងនឹងការគំរាមកំហែងពន្ធរបស់លោក ត្រាំ និងការអំពាវនាវដដែលៗរបស់លោកឱ្យបញ្ចូលកាណាដាជា«រដ្ឋទី៥១» របស់អាម៉េរិក៕



