
រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ គ្រោងស្នើសុំថវិការាជរដ្ឋាភិបាល ដើម្បីទិញយន្តហោះចម្បាំង Gripen E/F ចំនួន៨គ្រឿងបន្ថែមទៀត សម្រាប់ជំនួសយន្តហោះចម្បាំង F-16 ចូលនិវត្តន៍។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation។ ជុំវិញផែនការបញ្ជាទិញយន្តហោះចម្បាំងបន្ថែមនេះ កម្ពុជាមិនគួរមើលរំលងឡើយ! មិនគួររំលងក៏ព្រោះថា វាបាននិងកំពុងគំរាមកំហែងដល់សន្តិសុខជាតិកម្ពុជា កាន់តែខ្លាំង ខណៈបច្ចុប្បន្ន ថៃនៅតែបន្តចិញ្ចឹមមហិច្ឆតាឈ្លានពានលើដែនអធិបតេយ្យកម្ពុជា...។

ការរៀបចំស្នើសុំថវិកាពីរាជរដ្ឋាភិបាល របស់ក្រសួងការពារជាតិថៃនេះ បានធ្វើឡើង ចំពេលមេបញ្ជាការកងទ័ពអាកាសថៃ ប្រារព្ធខួប១៥ឆ្នាំនៃប្រតិបត្តិការប្រព័ន្ធយន្តហោះ Gripen–Saab និងបានអួតអំពីប្រសិទ្ធភាពនៃការប្រើប្រាស់វា មកខ្ជាក់ទម្លាក់គ្រាប់បែកស្រោចលើកម្ពុជា កាលពីពេលកន្លងទៅ។ អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ លោក សេកសាន់ កន្ថា (เสกสรร คันธา) បានថ្លែងថា ដំណាក់កាលដំបូងនៃកម្មវិធីទិញយន្តហោះចំនួន៤គ្រឿង កំពុងប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក។ កងទ័ពអាកាស មានបំណងដាក់ស្នើសុំយន្តហោះចំនួន៨គ្រឿងដែលនៅសល់ក្នុងកញ្ចប់តែមួយនៅដំណាក់កាលបន្ទាប់ ជាជាងការបែងចែកជាកញ្ចប់តូចៗ ដើម្បីពន្លឿនការរៀបចំឱ្យប្រតិបត្តិការបានពេញលេញ និងលឿនទាន់ចិត្ត។ ទោះជាយ៉ាងណា សំណើនេះនៅស្ថិតក្រោមការពិចារណាលើថវិកា និងការអនុម័តពីរាជរដ្ឋាភិបាលថៃនៅឡើយ។

សូមជម្រាបថា កងទ័ពអាកាសភូមិន្ទថៃ គ្រោងស្នើសុំថវិកាសម្រាប់ទិញយន្តហោះ ៨គ្រឿងបន្ថែម នៅក្នុងឆ្នាំថវិកា២០២៨ ក្រោមកម្មវិធីសន្តិភាពបូព៌ា «บูรพาสันติ»។ លោក សេកសាន់ បាននិយាយថា កងទ័ពអាកាស បានចាប់ផ្តើមសម្របសម្រួលសំណើរបស់ខ្លួនស្របតាមផែនការ និងកាលវិភាគថវិកាពាក់ព័ន្ធ។ លោកបានសម្ដែងក្ដីសង្ឃឹមថា រាជរដ្ឋាភិបាល និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត នឹងគាំទ្រគម្រោងនេះ សម្រាប់ប្រតិបត្តិការអាកាសនាពេលអនាគត។ គួររំឭកបន្តិចថា កិច្ចសន្យាដំបូងរបស់ប្រទេសថៃ គ្របដណ្ដប់លើយន្តហោះ Gripen E ចំនួន៣គ្រឿង, យន្តហោះ Gripen F ចំនួន១គ្រឿង ព្រមទាំងឧបករណ៍ បរិក្ខារគាំទ្រ និងការបណ្ដុះបណ្ដាលពាក់ព័ន្ធ។ ក្រុមហ៊ុន Saab បានបញ្ជាក់ថា ការដឹកជញ្ជូនក្រោមកិច្ចសន្យានេះ នឹងប្រព្រឹត្តទៅរហូតដល់ឆ្នាំ២០៣០។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងកញ្ចប់កិច្ចសហប្រតិបត្តិការរយៈពេលវែង រួមមាន ការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការវិនិយោគនៅក្នុងប្រទេសថៃផងដែរ នេះបើយោងតាមក្រុមហ៊ុនស៊ុយអែត Saab៕





