
ខេត្តកំពង់ស្ពឺ៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង ដោយប្ដីបានទាញកាំបិតកាប់ប្រហារលើប្រពន្ធ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចបានជិះម៉ូតូគេចខ្លួនទាំងភ័យស្លន់ស្លោ តែក៏ជ្រុលទៅបុករថយន្តស្លាប់ខ្លួនឯងភ្លាមៗ...។

ផ្អែកតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៦ មានករណីឃាតកម្មសាហាវព្រៃផ្សៃបង្កឡើងដោយបុរសជាប្ដីឈ្មោះ អ៊ុំ សុខន ធ្វើសកម្មភាពយកកាំបិតកាប់ប្រហារទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី (ត្រូវជាប្រពន្ឋ) រួចបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយស្រុកសំរោង ខេត្ដតាកែវ នាំគ្នាតាមប្រមាញ់ចាប់ជនសង្ស័យ។

ការរត់គេចខ្លួននេះ មិនបានសម្រេចឡើយ ដោយសារបុរសជាឃាតក បានបើកបរក្នុងស្ថានភាពភ័យស្លន់ស្លោ រហូតជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងនៅលើផ្លូវ បណ្ដាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ។ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុទាំងពីរ ដើម្បីពិនិត្យ កោសល្យវិច័យ និងប្រមូលព័ត៌មានលម្អិតជុំវិញដើមហេតុនៃជម្លោះ។ សពរបស់ប្តីប្រពន្ធទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕





