
រាជធានីគូឡាឡាំពួរ៖ ជំនួបដ៏តានតឹងរវាងក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ជួបតតាំងជាមួយក្រុមជម្រើសជាតិនារីសិង្ហបុរី នៅកីឡដ្ឋាន Kuala Lampur Football ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដោយបានរកឃើញក្រុមឈ្នះមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍AFF Women's Cup 2026 នៅប្រទេសម៉ាឡេស៊ី...។

ក្រុមបាល់ទាត់នារីសិង្ហបុរី បានបើកនាំមុខក្រុមបាល់ទាត់នារីកម្ពុជា នៅនាទី២៤+ ដោយកីឡាការិនី ដាណែលឡេ (Danelle)។ យ៉ាងណា ក្រុមបាល់ទាត់នារីកម្ពុជា ដាក់ការគាបសង្កត់ទៅលើក្រុមបាល់ទាត់នារីសិង្ហបុរីវិញជារឿយៗ តែមិនបានសម្រេច ហើយនៅទីបំផុតក្រុមទាំងពីរបិទបញ្ចប់វគ្គទី១ ដោយលទ្ធផល សិង្ហបុរី ១-០ កម្ពុជា។ ចូលដល់វគ្គទី២ ក្រុមទាំងពីរបន្តវាយបកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា រហូតដល់នាទី៧១+ ក្រុមបាល់ទាត់នារីសិង្ហបុរី បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើក្រុមបាល់ទាត់នារីកម្ពុជា មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ តាមស្មើ ១-១ នៅនាទី៧៤+វិញ។ យ៉ាងណា ក្រុមទាំងពីរ នៅបន្តដាក់សម្ពាធគ្នាទៅវិញទៅមក រហូតដល់ចប់៩០+៥នាទីក្រុមទាំងពីរនៅតែស្មើគ្នាដដែល។

ឈានដល់វគ្គកាត់សេចក្តី១១ម៉ែត្រដើម្បីសម្រេចថា ក្រុមណាជាអ្នកដណ្តើមបានមេដាយសំរឹទ្ធនៃព្រឹត្តិការណ៍AFF Women's Cup 2026 ដោយក្រុមបាល់ទាត់នារីកម្ពុជា ទាត់បញ្ចូលទីបានចំនួន៣គ្រាប់ ព្រោះកីឡាការិនី សិរីស៊ីថា និងកីឡាការិនី សុវណ្ណ មុន្នី ស៊ុតបាល់១១ម៉ែត្រមិនចូល ខណៈក្រុមបាល់ទាត់នារីសិង្ហបុរី ទាត់ចូលទីបាន៤គ្រាប់ និងកីឡាការិនីសិង្ហបុរី ពាក់លេខ៧ ស៊ុតបាល់មិនចូលមួយគ្រាប់។ យ៉ាងណា លទ្ធផលចុងក្រោយ ក្រុមបាល់ទាត់នារីសិង្ហបុរី ឈ្នះក្រុមបាល់ទាត់នារីកម្ពុជា (៣-៤) ឈ្នះមេដាយសំរឹទ្ធ និងមានឱកាសបន្តដំណើរទៅលេងពានរង្វាន់ជើងឯកបាល់ទាត់នារី កម្រិតទី១ ប្រចាំតំបន់អាស៊ាន AFF Women’s Championship នៅឆ្នាំ២០២៧ផងដែរ៕






