មេដឹកនាំកម្ពុជា ជួបប្រធាន FBI អាម៉េរិក ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ខេសហ៍ ផេទែល (Kash Patel) នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកម្ពុជា-អាម៉េរិក...។

តាមរយៈជំនួបផ្ទាល់មុខជាមួយមេដឹកនាំកម្ពុជា លោក ខេសហ៍ ផេទែល បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ(FBI)សហរដ្ឋអាម៉េរិក នាពេលកន្លងមក និងបានកោតសរសើរកម្ពុជា ចំពោះការខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ លោកនាយក FBI បានគូសបញ្ជាក់ថា៖«ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ»។ ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ លោក ខេសហ៍ ផេទែល ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រ និងពង្រឹងភាពជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន និងការកសាងសមត្ថភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខ។ សម្តេចបញ្ជាក់ថា កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នា សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ប្រាប់ ប្រធាន FBI ពីការធ្វើម្ចាស់ផ្ទះ«រៀបសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនេះ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្ដូរទស្សនៈ អំពីទិសដៅការងារបន្ត និងបានបញ្ជាក់ពីសារសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងការកសាងសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត