
រាជធានីភ្នំពេញ៖ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩គម្រោង...។

គណៈកម្មាធិការវិនិយោគកម្ពុជា គូសបញ្ជាក់ថា គម្រោងវិនិយោគទាំងនេះ មានទុនសរុបប្រមាណ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥០០កន្លែង នឹងបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ។ វិនិយោគក្នុងវិស័យដូចជា កសិ-ឧស្សាហកម្ម ចំនួន២គម្រោងរួមមាន៖គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។ចំណែក វិស័យឧស្សាហកម្ម ចំនួន៧គម្រោង រួមមាន គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់, គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារបរិក្ខារលម្អគ្រប់ប្រភេទ។

លើសពីនេះ គម្រោងបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី, គម្រោងបង្កើតរោងចក្រផលិតសម្ភារបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារសត្វចិញ្ចឹម (ពីប្លាស្ទិក), គម្រោងបង្កើតរោងចក្រកែច្នៃអំបិល, គម្រោងអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ។ គួរជ្រាបថា កន្លងទៅថ្មីៗ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន៧ មានទុនវិនិយោគសរុបប្រមាណ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤៥០០កន្លែង មានទីតាំងនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ និងខេត្តកំពត៕





