
រដ្ឋធានីហ្សាការតា៖ គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ ដែលបានអង្រួនកោះស៊ូឡាវេស៊ី (Sulawesi) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦មិថុនា បានបណ្ដាលឱ្យមានមនុស្សម្នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់៣៨នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្ខំឱ្យពលរដ្ឋជាង៣០០នាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ អះអាងថា ស្រុកស៊ីហ្គី (Sigi) គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយក្នុងចំណោមអ្នករងរបួសទាំង៣៨នាក់ មាន ១៣នាក់បានរងរបួសធ្ងន់ធ្ងរ និងកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រៅពីការបាត់បង់ជីវិត គ្រោះធម្មជាតិនេះ បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធយ៉ាងដំណំ រួមមាន ផ្ទះសម្បែង៦៧ខ្នង, ទីសក្ការបូជា៦កន្លែង, អគាររដ្ឋបាល២កន្លែង ព្រមទាំងស្ពាន២ខ្សែ។ លើសពីនេះ កំណាត់ផ្លូវខេត្តដ៏សំខាន់មួយខ្សែដែលតភ្ជាប់ក្នុងក្រុង ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភ ខណៈទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បានកត់ត្រាថា មានគ្រោះរញ្ជួយដីបន្តបន្ទាប់ យ៉ាងហោចណាស់ចំនួន៧១ដង បានបន្តកើតមានឡើងពេញមួយថ្ងៃ។ ទោះបីជាអាជ្ញាធរបញ្ជាក់ជាថ្មីថា មិនមានហានិភ័យនៃរលកយក្សស៊ូណាមិក៏ដោយ ប៉ុន្តែបាតុភូតរញ្ជួយដីដដែលៗនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់កើតហេតុ (ដែលមានចំនួនសរុបប្រមាណ១,៣លាននាក់) បន្តភ័យខ្លាច និងមិនហ៊ានចូលដេកនៅក្នុងផ្ទះឡើយ ដោយសារពួកគេនៅតែរងវិបត្តិផ្លូវចិត្តពីសោកនាដកម្មរញ្ជួយដី និងស៊ូណាមិកាលពីឆ្នាំ២០១៨ ដែលបានលេបត្របាក់ជីវិតមនុស្សជាង៤ពាន់នាក់។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ងាយរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីយ៉ាងខ្លាំង ដោយសារតែទីតាំងភូមិសាស្ត្រស្ថិតនៅលើតំបន់ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire)» ដែលជាខ្សែក្រវាត់បន្ទុះភ្នំភ្លើង និងរញ្ជួយដីយ៉ាងសកម្មលាតសន្ធឹងចាប់ពីអាម៉េរិកខាងត្បូង រហូតដល់ភាគខាងកើតនៃប្រទេសរុស្ស៊ី៕



