
រដ្ឋធានីហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានបោះជំហានឈានចូលយុគសម័យឌីជីថលថ្មីមួយ ដោយបានរៀបចំផែនការយុទ្ធសាស្ត្រក្នុងការបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីជាតិគន្លឹះៗរបស់រដ្ឋាភិបាល ដែលនេះជាចំណុចដ៏សំខាន់មួយ ក្នុងសេចក្តីព្រាងអនុក្រឹត្យប្រធានាធិបតី ក្នុងគោលបំណងរុញច្រានតម្លៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ឱ្យហក់ឡើងរហូតដល់១២ភាគរយ នៅត្រឹមឆ្នាំ២០៣០។

សេចក្តីព្រាងច្បាប់ដែលកំពុងរង់ចាំការចុះហត្ថលេខាផ្លូវការពីលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subiasto) មួយនេះ បានកំណត់ទិសដៅឱ្យគ្រប់ក្រសួង និងរដ្ឋបាលតំបន់ទាំងអស់ ចាប់ផ្តើមធ្វើការផ្លាស់ប្ដូរ និងអនុវត្តបច្ចេកវិទ្យា AI ក្នុងប្រព័ន្ធការងាររដ្ឋបាលសាធារណៈ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ គោលដៅធំបំផុត គឺសំដៅទៅលើ«កំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍ ការសម្របសម្រួល និងការប្រើប្រាស់ AI ជាពិសេស នៅក្នុងកម្មវិធីអាទិភាពរបស់ប្រធានាធិបតី»។ អ្វីដែលគួរឱ្យកត់សម្គាល់ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដូចជា Meta Platforms, IBM និង Microsoft ក៏បានចូលរួមផ្តល់មតិ និងសហការយ៉ាងស្អិតល្មួតក្នុងការរៀបចំប្លង់មេនេះផងដែរ។

ទោះជាយ៉ាងណា ចំណុចរបត់ដ៏សំខាន់ និងជាប្រធានបទដ៏រសើបបំផុតនៅក្នុងសេចក្តីព្រាងច្បាប់នេះ គឺការប្រឈមមុខនឹង«វិសមភាពបច្ចេកវិទ្យាក្នុងតំបន់»។ នៅក្នុងផែនការមេ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការប្រជែងយកតំណែងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាប្រចាំតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបណ្តាប្រទេសជិតខាងដូចជា សិង្ហបុរី និងម៉ាឡេស៊ី បាននិងកំពុងនាំមុខដាច់ ដោយសារពួកគេអាចទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងលោក រួចទៅហើយ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ Cloud និងទិន្នន័យ AI។

ការប្រកាសយុទ្ធសាស្ត្រ AI ថ្នាក់ជាតិនេះ ត្រូវបានមើលឃើញថា ជាការប្ដេជ្ញាចិត្តនយោបាយដ៏ធំមួយរបស់រដ្ឋធានីហ្សាការតា ក្នុងការបើកចំហទទួលយកការវិនិយោគផ្ទាល់ពីបរទេស លើវិស័យបច្ចេកវិទ្យាទំនើប។ ជាក់ស្តែង ក្រុមហ៊ុន Microsoft ក៏បានបោះទុនវិនិយោគបឋមរួចជាស្រេចនូវទឹកប្រាក់១,៧ពាន់លានដុល្លារ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលនេះនឹងក្លាយជាគ្រឹះស្ថានដ៏រឹងមាំ ក្នុងការជួយឱ្យឥណ្ឌូណេស៊ី អាចសម្រេចបាននូវមហិច្ឆតាសេដ្ឋកិច្ចឌីជីថល និងជៀសវាងពីការធ្លាក់ខ្លួនជាអ្នកទិញបច្ចេកវិទ្យាតែម្ខាងពីប្រទេសដទៃនាពេលអនាគត៕



