ទាហានហ្វីលីពីនម្នាក់រងរបួ.ស ក្រោយប៉ះទង្គិចគ្នាជាមួយឆ្មាំសមុទ្ទចិន នៅក្នុងដែនសមុទ្ទ
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ កងទ័ពហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្ទចិន ថាបានប្រើប្រាស់ដំបងវាយប្រហារលើទាហានជើងទឹកហ្វីលីពីនម្នាក់ត្រង់ក្បាលឱ្យរងរបួស កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅពេលដែលក្រុមឆ្មាំសមុទ្ទចិនបានបើកចូលជិតនាវាចម្បាំង ដែលជាទីតាំងឈរជើងរបស់កងទ័ពហ្វីលីពីន ស្ថិតក្នុងតំបន់ដែនសមុទ្ទប្រទាញប្រទង់។

ព័ត៌មាននៃការប៉ះទង្គិចគ្នានេះ បានលេចឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសហ្វីលីពីនបានប្រកាសថា ប្រមុខការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងជួបពិភាក្សាគ្នា​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងរដ្ឋធានីម៉ានីលនា​សប្តាហ៍នេះ។ តាមសេចក្តីថ្លែងការណ៍របស់ហ្វីលីពីន បានឱ្យដឹងថា ទូកកៅស៊ូរបស់ចិនដែលមានមនុស្ស៨នាក់ បានបើកជុំវិញ និងថតរូបភាពព្រមទាំងវីដេអូនាវា BRP Sierra Madre (ប៊ីអភី សៀរ៉ា ម៉ាត្រេ) នៅឯតំបន់ប៉ប្រះទឹក Second Thomas Shoal ដែលគ្រប់គ្រងដោយហ្វីលីពីន។ នៅពេលដែលភាគីហ្វីលីពីនបានបញ្ជូនទូកកៅស៊ូ២គ្រឿងដើម្បីដេញពួកគេចេញទៅវិញ ភាគីចិនបានសម្ដែងអាកប្បកិរិយាហិង្សា ដោយបានវាយទាហានហ្វីលីពីន និងបានធ្វើឱ្យខូចខាតទូកកៅស៊ូរបស់ហ្វីលីពីនទៀតផង។ ជាការឆ្លើយតប ឆ្មាំសមុទ្ទចិនបានចេញសេចក្តីថ្លែងការណ៍បដិសេធ ហើយអះអាងថា ខ្លួនបានចាត់វិធានការតបត និងផ្តល់ការព្រមានជាសំឡេងប៉ុណ្ណោះ បន្ទាប់ពីទូកហ្វីលីពីនបានបើកចូលជិតនាវាល្បាតចិនក្នុងលក្ខណៈគ្រោះថ្នាក់ និងព្យាយាមបុកប៉ះ។ ភាគីចិនវាយបកទៅហ្វីលីពីនវិញ ថាកែប្រែការពិត និងចោទប្រកាន់មកលើចិនទាំងបំពាន។

គួររំលឹកថា នេះមិនមែនជាលើកទីមួយទេ ដោយកាលពីខែមិថុនា ឆ្នាំ២០២៤ កងកម្លាំងចិនធ្លាប់បានប្រើប្រាស់កាំបិត ដំបង និងពូថៅ វាយប្រហារលើទាហានហ្វីលីពីនក្នុងបេសកកម្មដឹកជញ្ជូនស្បៀងអាហារនៅតំបន់នេះម្ដងរួចមកហើយ។ ហេតុការណ៍តានតឹងចុងក្រោយនេះ កើតឡើងបន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នារវាងប្រទេសទាំងពីរ ដោយកាលពីសប្តាហ៍មុន ហ្វីលីពីនទើបតែបានដាក់លិខិតតវ៉ាការទូត ប្រឆាំងនឹងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលបានប្រមាថមើលងាយមកលើប្រជាជាតិហ្វីលីពីន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត