ឡាវបង្ក្រាបសំបុកឆបោក និងល្បែងអនឡាញ ឃាត់ខ្លួនមនុស្សជិត៦០០នាក់ ជាងពាក់កណ្តាលជាជនជាតិថៃ
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីវៀងចន្ទន៍៖ អាជ្ញាធរសមត្ថកិច្ចនៃប្រទេសឡាវ បានឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងល្បែងស៊ីសងអនឡាញដ៏ធំមួយកន្លែង នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ដោយបានចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ ក្នុងនោះជាងពាក់កណ្តាលជាជនជាតិថៃ...

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសន្តិសុខសាធារណៈឡាវ បានឱ្យដឹងថា កងកម្លាំងពិសេសប្រឆាំងការឆបោក បានបើកប្រតិបត្តិការចុះឆ្មក់ចូលអាគារមួយកន្លែង ដែលមានរបងបេតុងខ្ពស់ហ៊ុមព័ទ្ធ ស្ថិតក្នុងរដ្ឋធានីវៀងចន្ទន៍ ដែលត្រូវបានសង្ស័យថាជាមជ្ឈមណ្ឌលប្រតិបត្តិការល្បែង និងឆបោកអនឡាញឆ្លងដែន។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៥៨៩នាក់ រួមមាន៖ ជនជាតិថៃ៣៧៣នាក់, ជនជាតិឡាវ១៩៩នាក់, ជនជាតិវៀតណាម១២៥នាក់ និងជនជាតិខ្មែរ២នាក់

ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានដកហូតសម្ភារបទល្មើសជាច្រើន រួមមាន កុំព្យូទ័រលើតុ ទូរសព្ទដៃឆ្លាតវៃ និងឧបករណ៍ទំនាក់ទំនងផ្សេងៗទៀត។ បច្ចុប្បន្ន នគរបាលឡាវ បាន និងកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរក និងតាមចាប់ខ្លួនមេខ្លោងធំ ដែលនៅពីក្រោយប្រតិបត្តិការខុសច្បាប់នេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់។ គួររំឭកថា អាជ្ញាធរឡាវ កាលពីសប្តាហ៍មុន បានធ្វើការឃាត់ខ្លួនជនជាតិជាតិថៃចំនួន៤២នាក់ ក្រោយបើកប្រតិបត្តិការឆ្មក់ចូលត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតក្នុងខេត្តសុវណ្ណខេត្ត (ສະຫວັນນະເຂດ) ដែលសង្ស័យថា ប្រើប្រាស់សម្រាប់ដំណើរការគេហទំព័រល្បែងស៊ីសងល្បែងអនឡាញខុសច្បាប់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត