
រាជធានីបាងកក៖ រថយន្តមួយគ្រឿង ត្រូវបានគេលួចបង្កប់គ្រាប់បែក បំផ្ទុះនៅខាងមុខអតីតប៉ុស្តិ៍នគរបាលក្នុងតំបន់ទីប្រជុំជន ខៅ តាន់ញ៉ុង (เขาตันหยง) ខេត្តនរាធិវាស ឬណារ៉ាធីវ៉ាត់ កាលពីយប់ថ្ងៃអង្គារទី២១ ខែកក្កដា បណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះរថយន្ត និងខូចខាតទ្រព្យសម្បត្តិនៅក្បែរនោះ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះឡើយ...។

មន្ត្រីនគរបាលបានបញ្ជាក់ថា រថយន្តដែលត្រូវគេលួចបំពាក់គ្រឿងផ្ទុះកែច្នៃនោះ ត្រូវបានបង្កហេតុដោយក្រុមបះបោរ ដែលគេសង្ស័យបានចាត់ទុកអតីតប៉ុស្តិ៍នគរបាលជាគោលដៅ។ ក្រុមជនសង្ស័យ បានចាកចេញពីកន្លែងកើតហេតុភ្លាមៗ ហើយបន្ទាប់មក គ្រឿងផ្ទុះកែច្នៃនោះបានផ្ទុះឡើង បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថយន្ត។ តំបន់កើតហេតុត្រូវបានបិទខ្ទប់ដោយកម្លាំងនគរបាល ខណៈអង្គភាពដោះមីន និងគ្រឿងផ្ទុះ បានចុះរាវរកយ៉ាងល្អិតល្អន់ ដើម្បីធានាថា គ្មានឧបករណ៍ផ្ទុះផ្សេងទៀត។

នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត នៅក្នុងខេត្តជាល ឬយ៉ាឡា ឆ្មាំការពារស៊ីវិលម្នាក់ត្រូវបានបាញ់ឱ្យរងរបួសចំដៃ ខណៈរូបគេកំពុងហាត់ប្រាណនៅលើផ្លូវខាងមុខផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ៧យប់។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។ នគរបាលសង្ស័យថា ខ្មាន់កាំភ្លើងដែលជាក្រុមបះបោរបានពួនស្ទាក់នៅជិតនោះ ហើយបានបើកការបាញ់ប្រហារដោយកាំភ្លើងខ្លី រួចគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុយ៉ាងឆាប់រហ័ស៕





