
ក្រុងប៉ោយប៉ែត៖ មិនមែនជាទំនិញ ដែលអាចជ្រើសរើសទិញ ឬមិនទិញ តែទឹកជាតម្រូវចាំបាច់មិនអាចខ្វះបាន សម្រាប់ជីវិតប្រចាំថ្ងៃ និងជាប់ពាក់ព័ន្ធផ្ទាល់ជាមួយសុខភាពរបស់ប្រជាពលរដ្ឋ។ ហេតុនេះ នៅពេលទឹកដែលត្រូវចាត់ទុកថា«ស្អាត»បែរជាមានពណ៌«ល្អក់ មានកករ និងក្លិនស្អុយ» រហូតប្រើប្រាស់មិនបាននោះ មិនមែនជាបញ្ហាតូចតាចដែលត្រូវមើលរំលងឡើយ...។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្រុងប៉ោយប៉ែត បានបង់ថ្លៃសេវាជារៀងរាល់ខែដោយរំពឹងថានឹងទទួលបានទឹកមានគុណភាព។ ប៉ុន្តែអ្វីដែលពួកគាត់ទទួលបាន គឺការព្រួយបារម្ភ ក្នុងការរស់នៅ និងការភ័យខ្លាចពីផលប៉ះពាល់សុខភាពទៅវិញ។ អ្វីដែលគួរឱ្យចោទសួរជាងនេះ គឺហេតុអ្វីបានជាក្រុមហ៊ុនទើបតែប្រកាសថា ត្រូវការពេលមួយសប្តាហ៍ ដើម្បីកែសម្រួលប្រព័ន្ធ បន្ទាប់ពីសាធារណជនផ្ទុះការរិះគន់? ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អះអាងថា មន្ត្រីជំនាញរកឃើញបញ្ហាទឹកស្អាតបែរជាល្អក់ មានកករ និងក្លិនស្អុយ គឺបណ្ដាលមកពីការឆក់ល្វែង (ឬខ្ជិល) និងប្រព័ន្ធបច្ចេកទេសក្រុមហ៊ុនអានកូ។ ជាមួយគ្នា លោក ប៉ាន់ខែម ប៊ុនថន ប្រាប់ឱ្យក្រុមហ៊ុនកែតម្រូវ ហើយដោះស្រាយជាបន្ទាន់លើបញ្ហាបច្ចេកទេសមួយនេះ ដោយត្រូវតាមដានរកប្រភពដែលនាំឱ្យកើតជាក្លិនស្អុយ មានកករ ហើយមិនអាចបណ្តោយឱ្យបញ្ហានេះនៅតែបន្តកើតឡើងទៀតឡើយ។ លោកណែនាំ ក្រុមហ៊ុនឱ្យដាក់ទិសដៅគុណភាពជាគោល។

តើបញ្ហាបច្ចេកទេសនេះ មិនអាចរកឃើញមុនពេលទឹកដែលគ្មានគុណភាពហូរចូលដល់ផ្ទះប្រជាពលរដ្ឋឬ? តើប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក មានប្រសិទ្ធភាពដែរឬទេ? ទាំងនេះសុទ្ធតែជាចម្ងល់របស់ពលរដ្ឋដែលបានរងគ្រោះព្រោះការផ្គត់ផ្គង់ទឹកស្អាតដែលគ្មានគុណភាពកន្លងមក។ អ្វីដែលឆ្ងល់ខ្លាំងនោះ គឺបញ្ហាទឹកល្អក់បែបនេះ ហើយពេលខ្លះ ទឹកថែមទាំងឡើងខ្មៅដូចប្រេងបាតម៉ាស៊ីន គឺកើតឡើងក្នុងក្រុងប៉ោយប៉ែតយូរណាស់មកហើយ ចុះហេតុអ្វី ក្រុមហ៊ុនអានកូ រួមទាំងអាជ្ញាធរពាក់ព័ន្ធ មិនអាចដោះស្រាយបាន ដោយនៅបណ្តោយឱ្យបញ្ហានេះ បន្តកើតមានជាដដែលរហូតរាប់ភ្លេច?

សម្រាប់សេវាដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ ការថែទាំប្រព័ន្ធ និងការត្រួតពិនិត្យគុណភាព មិនគួរធ្វើឡើងតែក្រោយពេលមានការតវ៉ាពីពលរដ្ឋនោះទេ ប៉ុន្តែគួរតែជាកាតព្វកិច្ចដែលអនុវត្តជាប្រចាំ។ ប្រជាពលរដ្ឋ ចង់បានទឹកស្អាត និងមានគុណភាព សមនឹងថ្លៃសេវាដែលពួកគាត់បានបង់។ ការសន្យា ថានឹងកែសម្រួលក្នុងរយៈពេលមួយសប្តាហ៍ គឺជាជំហានមួយរបស់ក្រុមហ៊ុន ប៉ុន្តែសាធារណជន នឹងវាយតម្លៃលើលទ្ធផល៕



