
ក្រុងសិរីសោភ័ណ៖ រយៈពេល៧ខែនៃឆ្នាំ២០២៦ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ និងបើកយុទ្ធនាការបង្ក្រាបយ៉ាងក្ដៅគគុក រហូតឈានដល់ការកម្ទេចទីតាំងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ជាង ២០០កន្លែងនៅទូទាំងខេត្ត-ក្រុង...។

ថ្លែងក្នុងវេទិកាសាធារណៈ នៅថ្ងៃទី២២កក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម បានប្រមាណជាង២០០កន្លែង មានដូចជា៖ ១.ស្រុកម៉ាឡៃ, ២.ក្រុងប៉ោយប៉ែត, ៣.ស្រុកស្វាយចេក, និង៤.ស្រុកអូរជ្រៅ។ ជាមួយគ្នា លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ក្រាបបទល្មើសអនឡាញស្គេមក្រោមកិច្ចសហការជាមួយអគ្គស្នងការនគរបាលជាតិ រួមទាំងកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថផងដែរ។

សូមជម្រាបថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់បទល្មើសឆបោកឆ្លងដែន ជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់ ដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមលើនេះ កម្លាំងសមត្ថកិច្ច ក៏នឹងបន្តស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាថា គ្មានទីតាំងបទល្មើសអនឡាញស្កេមណាមួយ អាចលួចលាក់បង្កើតឡើងវិញ ឬប្រតិបត្តិការនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានឡើយ៕





