
រដ្ឋធានីម៉ានីល៖ ស្រពពេលតំបន់ជាច្រើន និងប្រទេសនានាលើពិភពលោក កំពុងមានជម្លោះប្រដាប់អាវុធដាក់គ្នា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចែករំលែកទស្សនទានយ៉ាងដូច្នេះថា៖«កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងអាម៉េរិកនាពេលនេះ គឺសំខាន់លើសពេលណាៗទាំងអស់»។

លោក ប្រាក់ សុខុន និងលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានធ្វើជាសហប្រធានក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាម៉េរិក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ លោក ប្រាក់ សុខុន លើកឡើងថា រយៈពេល៥០ឆ្នាំមកនេះ គឺចាប់តាំងឆ្នាំ១៩៧៦មក ភាពជាដៃគូរវាងអាស៊ាន-អាម៉េរិក ចេះតែរឹងមាំទៅៗ ហើយបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូគ្រប់ជ្រុយជ្រោយជាមួយគ្នា។

ក្នុងកិច្ចប្រជុំដែលមានវត្តមានរដ្ឋមន្រ្តីការបរទេសពីប្រទេសជាសមាជិកអាស៊ាន លោក ប្រាក់ សុខុន បានរំលេចឡើងនូវឃ្លាដ៏សំខាន់មួយទៀតថា៖«យើង គួរតែបន្តសម្រួចភាពជាដៃគូរបស់យើង ឱ្យមានលក្ខណៈជាយុទ្ធសាស្រ្ត និងរឹងមាំ ដែលអាចឆ្លើយតបបានទៅនឹងតម្រូវការដ៏ធំធេងរបស់ប្រជាជន និងតំបន់របស់យើង»។

គួរកត់សម្គាល់ថា តំបន់ និងប្រទេសដែលកំពុងមានសង្គ្រាមជាមួយគ្នា មានដូចជា សង្គ្រាមមជ្ឈិមបូព៌ា បង្កឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែលទៅលើអ៊ីរង់ សង្គ្រាមរុស្ស៊ីបង្កទៅលើអ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សារបស់រដ្ឋប៉ាលីស្ទីន និងសង្គ្រាមរវាងអាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន ។ល។ សូម្បីក្នុងតំបន់អាស៊ាន ក៏មានជម្លោះប្រដាប់អាវុធដែរ ដូចជា សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅភូមា និងសង្គ្រាមថៃឈ្លានពានមកលើកម្ពុជា ជាដើម។ ចំពោះកម្ពុជា និងថៃ គឺមានបទឈប់បាញ់ជាមួយគ្នារួចហើយ ចាប់តាំងពីចុងឆ្នាំ២០២៥មក តែជាក់ស្តែង យោធាថៃ នៅតែធ្វើសកម្មភាពរំលោភបំពានលើទឹកដីកម្ពុជាតាមព្រំដែនមិនព្រមឈប់។

ត្រឡប់មកកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិកវិញ! មុនលើកឡើងពីភាពសំខាន់អំពីទំនាក់ទំនងអាស៊ាន-អាម៉េរិក លោក ប្រាក់ សុខុន បានអបអរសាទរក្នុងនាមប្រជាជាតិខ្មែរទាំងមូល ទៅកាន់សហរដ្ឋអាម៉េរិកចំពោះទិវារម្លឹកខួបឯករាជ្យ២៥០ឆ្នាំនៃប្រទេសមហាអំណាចមួយនេះ។ លើសពីនេះ ប្រមុខការទូតកម្ពុជា ជូនពរអាម៉េរិក ឱ្យបន្តមានសុខសន្តិភាព និងភាពរុងរឿងបន្ថែមទៀត។ ក្រោយបញ្ចប់សុន្ទរកថា លោក ក៏ប្រគល់វេទិកាទៅលោក រូប៊ីអូ ម្តង។

ចាប់ផ្តើមក្បាលដំបូង ប្រមុខការទូតអាម៉េរិក ថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលចូលរួមធ្វើសហប្រធាន និងជួយសម្រួលកិច្ចប្រជុំដ៏សំខាន់នេះ។ បន្ថែមពីនេះ លោក បានកោតសរសើរភាគីកម្ពុជាយ៉ាងខ្លាំង ចំពោះការប្រឹងប្រែងបំពេញកិច្ចការពាក់ព័ន្ធនឹងកិច្ចប្រជុំ។ លោក ប្រាប់ទៅបណ្តារដ្ឋមន្រ្តីការបរទេសក្នុងកិច្ចប្រជុំថា អាម៉េរិក ចង់ក្លាយជាដៃគូគួរឱ្យទុកចិត្តបំផុតរបស់អាស៊ាន ជួយផ្តល់ដំណោះស្រាយលើគ្រប់បញ្ហា និងបន្តប្តេជ្ញាគាំទ្រដល់សន្តិសុខក្នុងតំបន់មួយនេះ៕




