
រាជធានីគូឡាឡាំពួរ៖ ក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបតតាំងក្រុមជម្រើសជាតិនារីសិង្ហបុរី នៅវេលាម៉ោង៣:៤៥នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នាកីឡដ្ឋាន Kuala Lampur Football ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ ដើម្បីបន្តដំណើរទៅលេងពានរង្វាន់ជើងឯកបាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន AFF Women’s Championship នៅឆ្នាំ២០២៧...។

ក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានភ្លាត់ចាញ់ក្រុមជម្រើសជាតិនារីឡាវ ក្នុងលទ្ធផល ០-១ តាំងតែពីនាទី(ទី០១) នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រោយទទួលបានពិន្ទុនាំមុខ ក្រុមនារីឡាវ បានប្តូរយុទ្ធសាស្ត្រទម្រង់លេងរបស់ខ្លួន ដើយប្រវិធីសាស្ដ្រមេមាន់នាំកូនការពារសំបុក ពោលគឺកីឡាការិនីឡាវទាំង១០នាក់ បានចុះមកបិទនៅមុខទីរបស់ខ្លួនជិតឈឹង ដែលមិនអាចឱ្យក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បំប៉ោងសំណាញ់ទីក្រុមក្រុមជម្រើសជាតិនារីឡាវ បានឡើយ។ ទីបំផុត ចប់ការប្រកួត៩០+ ក្រុមនារីកម្ពុជា ចាញ់ទាំងមិនអស់ចិត្ត តែអ្វីៗវាបានហួសពេលទៅហើយ។

យ៉ាងណា ការប្រកួតនៅរសៀលថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ក្រុមនារីកម្ពុជា ក្រៅតែពីចង់ដណ្តើមយកមេដាយសំរឹទ្ធនៃព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ AFF Women's Cup 2026 ក្រុមនារីកម្ពុជា ត្រូវការជ័យជម្នះដើម្បីបន្តដំណើរទៅលេងពានរង្វាន់ជើងឯកបាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន AFF Women’s Championship នៅឆ្នាំ២០២៧ផងដែរ។ ដូច្នេះ ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីជម្រើសជាតិកម្ពុជាយើងទាំងអស់គ្នា សូមកុំភ្លេចចូលរួមតាមដាន និងទស្សនាការប្រកួតដ៏មានសារសំខាន់នេះទាំងអស់គ្នា។

សូមជម្រាបផងដែរថា ប្រវត្តិជួបគ្នារវាងក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីកម្ពុជា និងក្រុមអត្តពលិកបាល់ទាត់នារីសិង្ហបុរី ធ្លាប់ជួបគ្នា២លើក កាលពីឆ្នាំ២០២៣ម្ដង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដោយក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានយកឈ្នះលើក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិនារីសិង្ហបុរី ដោយលទ្ធផល ១-០ និងមួយប្រកួតទៀតកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីសិង្ហបុរី ដោយលទ្ធផល ៥-០ នាជំនួបមិត្តភាពអន្តរជាតិ នៅប្រទេសឥណ្ឌូណេស៊ីផងដែរ..៕




