បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប៖ អនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម១៥ឆ្នាំ មិនឱ្យប្រើបណ្តាញសង្គម
N
Nary Vann
22 កក្កដា 2026 10:30 AM

រដ្ឋធានីប៉ារីស៖ សភានៃប្រទេសបារាំង បានអនុម័តសេចក្តីព្រាងច្បាប់មួយ យ៉ាងក្តៅគគុក ហាមឃាត់កុមារមានអាយុក្រោម១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម ដែលធ្វើឱ្យបារាំងក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុប (EU) បិទមិនឱ្យកុមារប្រើប្រាស់កម្មវិធីពេញនិយមដូចជា៖ TikTok, Snapchat និងInstagram ជាដើម។

លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដែលជាអ្នកជ្រោមជ្រែងយ៉ាងសកម្មលើច្បាប់នេះ បានចាត់ទុកវិធានការនេះ ថាជាការកែទម្រង់ដ៏សំខាន់មួយក្នុងអាណត្តិរបស់លោក ហើយបានប្តេជ្ញានឹងអនុវត្តច្បាប់នេះ ឱ្យបានមុនខែកញ្ញា។ លោក ម៉ាក្រុង បានថ្លែងនៅលើបណ្តាញសង្គម X ថា៖«បារាំងកំពុងដឹកនាំផ្លូវនៅក្នុងតំបន់អឺរ៉ុប លើការការពារកុមារ និងយុវជនវ័យក្មេងរបស់យើង»។ តាមផែនការ ការហាមឃាត់នេះ នឹងត្រូវធ្វើឡើងជាពីរដំណាក់កាល ដោយចាប់ពីថ្ងៃទី១ ខែកញ្ញាត-ទៅ កុមារអាយុក្រោម១៥ឆ្នាំ នឹងមិនត្រូវអនុញ្ញាតឱ្យបង្កើតគណនីថ្មីឡើយ ហើយចំពោះគណនីដែលមានស្រាប់ នឹងត្រូវបិទជាបន្តបន្ទាប់នៅត្រឹមខែមករា ឆ្នាំ២០២៧។

លោក អេម៉ានូអែល ម៉ាក្រុង
លោក អេម៉ានូអែល ម៉ាក្រុង

រដ្ឋមន្ត្រីក្រសួងឌីជីថល លោកស្រី អាណេ ឡេ ហែណានហ្វ Anne Le Hénanff បានបញ្ជាក់ថា ក្រុមហ៊ុនម្ចាស់បណ្តាញសង្គមទាំងអស់ មានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ហើយប្រភពទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋ នឹងត្រូវការពារយ៉ាងម៉ឹងម៉ាត់។ ការប្រញាប់ប្រញាល់អនុវត្តនៅខែកញ្ញានេះ ក៏ដើរទន្ទឹមគ្នានឹងបម្រាមហាមប្រាមការប្រើប្រាស់ទូរសព្ទដៃនៅក្នុងវិទ្យាល័យ នាដើមបវេសនកាលសិក្សាថ្មីរបស់បារាំងផងដែរ។ គួររំឭកថា កាលពីឆ្នាំមុន ភ្នាក់ងារសុខភាពសាធារណៈរបស់បារាំង បានព្រមានថា បណ្តាញសង្គមបានផ្តល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដល់សុខភាពផ្លូវចិត្តរបស់កុមារ និងយុវវ័យ។ ការសម្រេចចិត្តរបស់បារាំង ពេលនេះ កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបខ្លួនឯង ក៏កំពុងពិចារណាលើវិធានការស្រដៀងគ្នានេះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត