
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានប្រកាសជំហរជាថ្មីពីការគាំទ្រ លើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ខណៈឯកសារស្របតាមច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែន បារាំងក៏ត្រៀមផ្ដល់ជូនប្រទេសទាំងពីរ។ នេះជាការអះអាងរបស់លោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូរបស់បារាំង ទទួលបន្ទុកពាណិជ្ជកម្ម និងវិនិយោគ ក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានរៀបចំឡើងនៅស្ថានទូតបារាំងប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ លោក មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០កក្កដា។

លោក នីកូឡា ហ្វ័ររីស្យេ ថ្លែងដូច្នេះថា៖«យើងមានឯកសារដែលយើងត្រៀមជូនដាក់ទៅប្រទេសទាំងពីរ ទាក់ទងនឹងគំរូព្រំដែន។ ប្រទេសបារាំង ប្ដេជ្ញាចិត្តចំពោះជំហររបស់យើង គឺយើងនៅទីនេះដើម្បីជួយប្រទេសទាំងពីរក្នុងការដោះស្រាយជម្លោះតាមផ្លូវសន្តិភាព ការយោគយល់គ្នា ការពិភាក្សាគ្នា និងការទូត»។ លោកបន្ថែមថា បារាំងគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ។ ជាមួយគ្នា លោក ប្រកាសថា បារាំងនឹងមិនលូកដៃផ្ទាល់ចូលកិច្ចការផ្ទៃក្នុងនៃជម្លោះនេះផ្ទាល់ទេ ប៉ុន្តែបារាំង បើកទូលាយក្នុងការជួយគាំទ្រ ដើម្បីឱ្យបញ្ហាព្រំដែននៃប្រទេសទាំងពីរ វិលទៅរកសន្តិភាពវិញ។

ចំពោះការដោះស្រាយជម្លោះព្រំដែនតាមផែនទី ឯកសារ និងសន្ធិសញ្ញាផ្សេងៗពីបារាំង គឺកម្ពុជាឯកភាពជានិច្ច ពីព្រោះថា នេះជាអ្វីដែលកម្ពុជាចង់បាន។ លើសពីនេះ កម្ពុជាថែមទាំងស្នើសុំឱ្យបារាំងជួយផ្តល់ឯកសារទាំងនោះថែមទៀត។ ចំពោះថៃវិញ តើហ៊ានទេ? ច្បាស់ជារារែក និងប្រកែកជាមិនខាន ពីព្រោះថៃដឹងច្បាស់ថា បើដោះស្រាយតាមឯកសារពីបារាំង ថៃនឹងមិនអាចកេងចំណេញទឹកដីកម្ពុជាបានឡើយ។ អ្វីដែល ថៃតែងចង់បាននោះ គឺប្រើផែនទីដែលគូសដោយខ្លួនឯងតែម្ខាង ដែលគ្មានប្រទេសណាលើពិភពលោកទទួលស្គាល់។

អ្វីដែលគេបានដឹងដែរនោះ គឺរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គោរពបទឈប់បាញ់ គោរពច្បាប់អន្តរជាតិ មិនខុសពីអ្វីដែលបារាំង និងប្រទេសផ្សេងៗទៀត ចង់ឃើញនោះទេ។ ប៉ុន្តែភាគីថៃវិញ នៅតែឈ្លានពាន និងបង្កហេតុមកលើកម្ពុជាមិនព្រមឈប់។ ជាក់ស្ដែង ក្រោយបទឈប់បាញ់ ថៃបានទន្រ្ទានចូលកាន់កាន់ដីកម្ពុជាជាច្រើនតាមព្រំដែន ដាក់ទូកុងតឺនឺ ស្រាស់បន្លាលួស ជីកលេណដ្ឋាន ធ្វើផ្លូវ និងសង់រូបបដិមា ។ល។ មកដល់ពេលនេះ នៅមានប្រជាជនខ្មែរមួយចំនួនធំ មិនទាន់អាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួនវិញបាន ដោយសារកងកម្លាំងថែដណ្តើមយក និងបន្តកាន់កាប់ទាំងខុសច្បាប់៕



