
រដ្ឋធានីប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា បារាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីលតម្រង់ទិស គ្រាប់បែកនាំផ្លូវ និងមីស៊ីលស្ទាក់ចាប់ការវាយប្រហារតាមអាកាស ដែលជាបច្ចេកវិទ្យារបស់បារាំងផ្ទាល់ បន្ទាប់ពីរដ្ឋធានីកៀវបានបញ្ជាទិញប្រព័ន្ធការពារអាកាសជំនាន់ថ្មី និងយន្តហោះចម្បាំង Rafale។ ការប្រកាសរបស់លោក ម៉ាក្រុង កើតឡើងក្រោយ អ៊ុយក្រែន-សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងមួយ លើការផលិតមីស៊ីលការពារដែនអាកាស ប្រភេទ PAC-3 Patriot...។

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបមេដឹកនាំប្រមាណ២៥ប្រទេសនារដ្ឋធានីប៉ារីស លោក ម៉ាក្រុង បានថ្លែងថា៖«[..]ខ្ញុំ និងប្រធានាធិបតី ហ្សេឡេនស្គី បានព្រមព្រៀងគ្នា ដើម្បីអនុវត្តនូវអ្វីដែលបានព្រមព្រៀងជាគោលការណ៍ កាលពីខែវិច្ឆិកា ឆ្នាំមុន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរបស់យើង»។ សេចក្តីប្រកាសរបស់លោក ម៉ាក្រុង គឺជាលើកដំបូងបង្អស់ដែលប្រទេសបារាំង យល់ព្រមផ្តល់អាជ្ញាបណ្ណផលិតកម្មយោធាទៅឱ្យអ៊ុយក្រែន ដែលជាវិធានការមួយជួយឱ្យរដ្ឋធានីកៀវអាចបង្កើនស្តុកអាវុធដោយខ្លួនឯង ចំពេលរុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លា។

កិច្ចព្រមព្រៀងនៃការផលិតនេះ នឹងផ្តោតសំខាន់លើគ្រឿងយុទ្ធោបករណ៍សំខាន់ៗរួមមាន៖ គ្រាប់បែកនាំផ្លូវពីអាកាសទៅដីប្រភេទ AASM, មីស៊ីលស្ទាក់ចាប់ការពារអាកាសប្រភេទ Aster, និងមីស៊ីលតម្រង់ទិសរយៈចម្ងាយឆ្ងាយ បាញ់ចេញពីអាកាសប្រភេទ SCALP។ ទន្ទឹមគ្នា លោក ម៉ាក្រុង ក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធរ៉ាដា ក៏កំពុងត្រូវបានផ្ទេរទៅឱ្យអ៊ុយក្រែនដូចគ្នា។ ជាមួយគ្នា លោក ហ្សេឡេនស្គី ក៏បានបញ្ជាទិញប្រព័ន្ធការពារអាកាសជំនាន់ថ្មី SAMP-T ដើម្បីជំនួសប្រព័ន្ធចាស់ៗ។ បន្ថែមពីនេះ យន្តហោះចម្បាំង ដែលមានរហស្សនាម ពេជ្ឈឃាតលើមេឃ Rafale ចំនួន១៦គ្រឿង នឹងត្រូវប្រគល់ជូនអ៊ុយក្រែន នៅចន្លោះឆ្នាំ២០២៨-២០២៩។

លើសពីនេះ ថ្មីៗ..ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងនយោបាយមួយ លើអាជ្ញាបណ្ណសម្រាប់ការផលិតមីស៊ីលការពារដែនអាកាស ប្រភេទ PAC-3 Patriot។ ទន្ទឹមនឹងគ្រាប់មីស៊ីល PAC-3 Patriot គឺជាអាវុធលោកខាងលិចមួយក្នុងចំណោមអាវុធតិចតួចបំផុត ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបាលីស្ទីក។ គួរបញ្ជាក់ថា ជំនួយគាំទ្រពីមហាអំណាចផុតលេខ «សហរដ្ឋអាម៉េរិក» និងមហាអំណាចអឺរ៉ុប «បារាំង» កំពុងជួយរុញច្រានវិស័យការពារជាតិអ៊ុយក្រែនឱ្យកាន់តែខ្លាំងក្លាបន្ថែម និងឯករាជភាព ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់ខ្លាឃ្មុំទឹកកកដ៏កំណាចរុស្ស៊ី៕



