
រាជធានីបាងកក៖ អគារមួយខ្នងបានបាក់រលំ កម្ទេចថ្មប៉ើងរប៉ាត់រប៉ាយពេញផ្លូវ និងមានមនុស្សម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះយ៉ាងរន្ធត់នៅស្ថានីយហ្កាស NGV មួយកន្លែង ស្ថិតក្នុងស្រុក ស៊ី រ៉ាឆា (Si Racha) ខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុគ្គលិកស្ថានីយបានធំក្លិនខុសប្លែកចេញពីទូរអគ្គិសនី នៅក្នុងបន្ទប់បញ្ជា ទើបហៅជាងជួសជុលឱ្យមកជួយពិនិត្យ។ ខណៈជនរងគ្រោះជាជាងជួសជុលប្រចាំស្ថានីយ កំពុងតែត្រួតពិនិត្យទីតាំងនោះ ស្រាប់តែមានសំឡេងផ្ទុះយ៉ាងខ្លាំង ធ្វើឱ្យបាក់រលំអគារ បាចសាចបំណែកបេតុងពេញកន្លែង និងបានសង្កត់ជាងរូបនោះជាប់នៅក្រោមផ្ទាំងបេតុងតែម្ដង។

ក្រោយកើតហេតុ អាជ្ញាធរ និងក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ចុះទៅកាន់ទីតាំង រួចបានកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីដើម្បីសម្រួលដល់ប្រតិបត្តិការ។ ក្រុមសង្គ្រោះបានរកឃើញសពបុរសម្នាក់ ត្រូវបានជញ្ជាំងអគារសង្កត់ពីលើ មិនទាន់អាចយកចេញបាននៅឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើមូលហេតុនៃការផ្ទុះនេះ៕





