
រដ្ឋធានីប៉េកាំង៖ ក្រសួងការបរទេសចិន បានប្រកាសថា លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជួយដល់ប្រទេសថៃ និងកម្ពុជា ដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃឱ្យបានសមស្រប និងប្រកបដោយសន្តិវិធី កំលុងពេលជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយមេដឹកនាំនៃប្រទេសអាស៊ានទាំងពីរក្នុងទីក្រុងស៊ាងហៃ...។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) លោក ស៊ី ជីនពីង បានសម្ដែងនូវក្ដីសង្ឃឹមថា រដ្ឋាភិបាលរាជធានីបាងកក និងរាជធានីភ្នំពេញ នឹងបន្តរក្សាការប្តេជ្ញាចិត្តតាមរយៈការសន្ទនា ដោយលោកបានបញ្ជាក់ថា រដ្ឋធានីប៉េកាំង ត្រៀមខ្លួនជានិច្ចក្នុងការដើរតួនាទីប្រកបដោយភាពស្ថាបនានៅក្នុងដំណើរការនៃជម្លោះនេះ។ ទន្ទឹមនោះ លោក ស៊ី ក៏បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ផងដែរថា ការពង្រឹងបទឈប់បាញ់ និងការកសាងទំនុកចិត្តទៅវិញទៅមកជាបណ្តើរៗរវាងកម្ពុជា និងថៃ គឺបម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) នៅទីក្រុងស៊ាងហៃ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីចិន ក្នុងការជំរុញដំណើរការសន្តិភាពនេះ។

ក្រៅពីបញ្ហាព្រំដែន លោក ស៊ី ជីនពីង ក៏បានព្រមព្រៀងជាមួយមេដឹកនាំទាំងពីរ ក្នុងការបន្តសហការគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដូចជា ល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ ជាមួយគ្នា មុនដំណើរទស្សនកិច្ចរបស់លោក អានុទីន ទៅកាន់ប្រទេសចិន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរថៃ កុំឱ្យធ្វើការនិរទេសខ្លួនអ្នកប្រឆាំងចិនចំនួន៤នាក់ ដែលកំពុងត្រូវបានឃាត់ខ្លួននៅរាជធានីបាងកក ត្រឡប់ទៅប្រទេសចិនវិញ ដែលក្នុងនោះរួមមាន៖ អ្នកកាសែត លោក បៃ ហ្សៅទុង (Bai Zhaodong) និងសកម្មជនប្រជាធិបតេយ្យ លោក ចាង ស៊ីនយ៉ាន (Zhang Xinyan) ដែលប៉ូលីសហុងកុងធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់តាមចាប់ខ្លួនចំនួន២០០ ០០០ដុល្លារហុងកុង (ឬប្រហែល២៥០០០ដុល្លារអាម៉េរិក) ផងដែរ៕



