
រដ្ឋធានីញ៉ូវដេលី៖ អាជ្ញាធរបានឱ្យដឹងថា កម្មករយ៉ាងហោចណាស់៩នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតកំពុងជាប់នៅក្នុងរូងភ្នំ បន្ទាប់ពីមានហេតុការណ៍បាក់រលំផ្លូវរូងភ្នំមួយកន្លែង ស្ថិតក្នុងរដ្ឋ Sikkim ភាគខាងជើងប្រទេសឥណ្ឌា...។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសីគគីម (Sikkim) បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅឯរូងភ្នំកំពុងសាងសង់នៃគម្រោងថាមពលវារីអគ្គិសនីមួយកន្លែង ក្នុងស្រុកណាមឈី (Namchi)។ ប្រភពព័ត៌មានពីសារព័ត៌មាន Press Trust of India បានបន្ថែមថា មុនពេលបាក់រូងភ្នំ គឺមានគ្រោះបាក់ដីបានមកបិទច្រកចូល និងបានបណ្ដាលឱ្យមានការសង្ស័យថា មានការលេចធ្លាយឧស្ម័នពុលថែមទៀតផង។

បច្ចុប្បន្ន ក្រុមសង្គ្រោះបន្ទាន់ជាច្រើនស្ថាប័ន កំពុងប្រញាប់ប្រញាល់ធ្វើប្រតិបត្តិការស្វែងរក និងសង្គ្រោះយ៉ាងសកម្មជុំវិញកន្លែងកើតហេតុ ដើម្បីរំដោះកម្មករដែលនៅរស់រានមានជីវិត និងស្រង់យកសពកម្មករដែលជាប់នៅខាងក្នុងមកក្រៅវិញ។ យ៉ាងណា អាជ្ញាធរបានព្រមានថា ការសង្ឃឹមរស់រានមានជីវិតរបស់អ្នកដែលកំពុងជាប់នៅខាងក្នុង គឺមានកម្រិតទាបខ្លាំងណាស់ ដោយសារតែក្រុមអ្នកសង្គ្រោះកំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងការដកដង្ហើមនៅខាងក្នុងរូងក្រោមដីនោះ ធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះ ប្រឈមនឹងភាពស្មុគស្មាញជាខ្លាំង។ ជុំវិញគ្រោះថ្នាក់ដ៏រន្ធត់នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសន្យាថា រដ្ឋាភិបាលកណ្តាលនឹងផ្តល់ជំនួយ និងកម្លាំងអន្តរាគមន៍គ្រប់បែបយ៉ាង ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់អ្នករងគ្រោះទាំងអស់៕



