ទេសចរឥណ្ឌា១៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ក្រឡាប់ទូកនៅដែនទឹកកោះវៀតណាម
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីហាណូយ៖​ ភ្ញៀវទេសចរជនជាតិឥណ្ឌា១៥នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈមនុស្ស២១នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ក្រោយទូកក្បូនល្បឿនលឿនបានក្រឡាប់លិច នៅលើដែនទឹកនៃកោះ Phu Quoc ដែលជាកោះទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម កាលពីថ្ងៃទី១១កក្កដា។  

យោងតាមរបាយការណ៍បឋមពីអាជ្ញាធរតំបន់សេដ្ឋកិច្ចពិសេស Phu Quoc បានឱ្យដឹងថា ទូកល្បឿនលឿនរបស់ក្រុមហ៊ុន Ocean Pear Island ដែលដឹកភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន៣២នាក់ និងក្រុមនាវិក៤នាក់ បានជួបគ្រោះថ្នាក់ក្រឡាប់លិចនៅវេលាម៉ោងប្រហែល១រសៀល ស្របពេលដែលពួកគេកំពុងធ្វើដំណើរត្រឡប់មកកាន់កំពង់ផែ An Thoi វិញ។ ភ្លាមៗនោះ ទូកទេសចរណ៍ដែលនៅក្បែរ បានប្រញាប់ប្រញាល់ទៅជួយអន្តរាគមន៍ក្នុងរយៈពេល៥នាទី ប៉ុន្តែយុទ្ធនាការសង្គ្រោះមានភាពរអាក់រអួលខ្លាំង ដោយសារមានភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំងនៅខាងក្នុងទូកដែលក្រឡាប់នោះ ស្របពេលស្ថានភាពរលកសមុទ្ទនៅពេលនោះមានសភាពខ្លាំងក្លា ទោះបីជាគ្មានភ្លៀងធ្លាក់ក៏ដោយ។

កងឆ្មាំព្រំដែន An Thoi បានបញ្ជូនកប៉ាល់២គ្រឿង និងកម្លាំងទាហាន៣៥នាក់ ទៅសហការជាមួយកងទ័ពជើងទឹក និងឆ្មាំសមុទ្ទ ដើម្បីស្រង់ជនរងគ្រោះឡើងមកលើគោក។ មនុស្សទាំង៣៦នាក់ត្រូវបាននាំមកដល់ត្រើយ ដោយក្នុងនោះ២១នាក់បានរស់រានមានជីវិត ខណៈ១៥នាក់ទៀត (ស្ត្រី២នាក់ និងបុរស១៣នាក់) ត្រូវបានបញ្ជាក់ថាស្លាប់បាត់បង់ជីវិត។ តំណាងក្រុមហ៊ុនទូកទេសចរណ៍បានអះអាងថា ក្រុមអ្នកទេសចរទាំងនោះបានទិញកញ្ចប់កម្សាន្តតាមកោះ ហើយអ្នកបើកបរទូកដែលមានអាយុជាង៥០ឆ្នាំ គឺជាអ្នកមានបទពិសោធបើកបរជាច្រើនឆ្នាំ។ គួរបញ្ជាក់ថា កោះ Phu Quoc ត្រូវបានចាត់ទុក្ខកោះទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម ដោយគ្រាន់តែក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កោះនេះទទួលបានភ្ញៀវទេសចររហូតដល់៥,៧លាននាក់ (ក្នុងនោះមានបរទេស១,៣២លាននាក់) មុនពេលរឿងរ៉ាវដ៏សោកសៅនេះបានកើតឡើងផ្អើលពេញប្រទេសវៀតណាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត