
រដ្ឋធានីញូដេលី៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា គ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងមូសុងយ៉ាងគំហុក បានសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់ កាលពីថ្ងៃទី១៩កក្កដា ខណៈអាជ្ញាធរបាននិងកំពុងប្រញាប់ប្រញាល់បើកប្រតិបត្តិការសង្គ្រោះ នៅតាមតំបន់រងគ្រោះធ្ងន់ធ្ងរ។

នៅក្នុងសោកនាដកម្មនេះ មនុស្សចំនួន៨នាក់ បានបាត់បង់ជីវិតនៅក្នុងរដ្ឋណាហ្កាឡែនដ៏ (Nagaland) ភាគអាគ្នេយ៍នៃប្រទេស ស្ថិតនៅជាប់ព្រំដែនប្រទេសភូមា ដោយមន្ត្រីក្នុងតំបន់បញ្ជាក់ថា គេបានស្រង់សពជនរងគ្រោះបានចំនួន៤នាក់ហើយ ខណៈមនុស្ស១៥នាក់ផ្សេងទៀត បានរងរបួស។ ដោយឡែក មនុស្ស១១នាក់ទៀតបានស្លាប់ និងជាច្រើននាក់ កំពុងបាត់ខ្លួននៅក្នុងដែនដីជម្មូ និងកាស្មៀ (Jammuz and Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា។ អភិបាលតំបន់ បានសម្ដែងនូវសេចក្តីទុក្ខសោកយ៉ាងជ្រាលជ្រៅ ចំពោះគ្រោះទឹកជំនន់នៅស្រុករ៉ាជូរី Rajouri ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនយ៉ាងដំណំ រួមទាំងស្ថានីយរថយន្តក្រុងផងដែរ។

ភ្លាមៗ..កងទ័ពឥណ្ឌា និងក្រុមសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ជួយសង្គ្រោះមនុស្សបានចំនួន១១នាក់ រួមទាំងកុមារ៥នាក់ផងដែរ។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានប្រកាសព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត នៅតំបន់ជម្មូ និងកាស្មៀ ក្នុងរយៈពេលពីរថ្ងៃខាងមុខ។ ដោយសារបញ្ហាអាកាសធាតុដ៏ប្រឈមនេះ អាជ្ញាធរបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីធម្មយាត្រាសាសនាហិណ្ឌូដ៏ធំប្រចាំឆ្នាំ Amarnath រួមទាំងពិធីធម្មយាត្រា ទៅកាន់ទីសក្ការបូជា Vaishno Devi ផងដែរ ដើម្បីធានាសុវត្ថិភាពដល់អ្នកស្រឡាញ់ជំនឿសាសនារាប់សែននាក់ ដែលតែងតែធ្វើដំណើរមកកាន់ទីនេះជារៀងរាល់ឆ្នាំ៕



