ធ្លាយឯកសារសម្ងាត់រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់ឥណ្ឌា
ហៀប ស៊ីថេត
16 កក្កដា 2026 10:30 AM

រដ្ឋធានីញូវដេលី៖ ក្រុមជំរិតទារប្រាក់តាមអ៊ីនធឺណិត ដែលមានឈ្មោះថា «World Leaks» បានបង្ហោះនៅលើ Dark Web នូវឯកសារយ៉ាងច្រើនសន្ធឹកសន្ធាប់ ពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ឥណ្ឌា រួមទាំងប្លង់មេនៃផ្នែកខ្លះរបស់រោងចក្រ និងព័ត៌មានលម្អិតរបស់អ្នកផ្គត់ផ្គង់ ដែលព័ត៌មានទាំងនោះ ត្រូវបានគេបញ្ជាក់ថា បានមកពីក្រុមហ៊ុន Reliance Group

រោងចក្រថាមពលនុយក្លេអ៊ែរគូដង់គូឡាំ (Kudankulam) មានទីតាំងនៅរដ្ឋតាមីលណាឌូ (Tamil Nadu) ភាគខាងត្បូង គឺជារោងចក្រដ៏ធំបំផុតក្នុងចំណោមរោងចក្រនុយក្លេអ៊ែរទាំង៧របស់ឥណ្ឌា និងជាបេះដូងនៃផែនការមហិច្ឆតារបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងការពង្រីកសមត្ថភាពថាមពលអាតូមិករបស់ប្រទេសនុយក្លេអ៊ែរមួយនេះ។ ក្រុមហ៊ុន Reliance Group របស់ពាណិជ្ជករឥណ្ឌា លោក អានីល អាំបានី (Anil Ambani) ដែលជាអ្នកទទួលការខុសត្រូវសាងសង់ម្នាក់របស់រោងចក្រ បានប្រាប់រ៉យទ័រថា៖«មានការលេចធ្លាយខ្លះនៃទិន្នន័យរបស់ខ្លួននៅលើម៉ាស៊ីនមេ ដែលគ្រប់គ្រងដោយក្រុមហ៊ុនផ្តល់សេវាកម្មទិន្នន័យភាគីទី៣របស់ឥណ្ឌា ឈ្មោះ យ៉ូតតា (Yotta) ហើយរដ្ឋាភិបាលត្រូវបានជូនដំណឹងអំពីហេតុការណ៍នេះហើយ»។ ទោះជាយ៉ាងណា Reliance មិនបានបង្ហាញថា ទិន្នន័យអ្វីខ្លះ ដែលត្រូវបានលេចធ្លាយនោះទេ។

លោក នីកកូឡាស់ រ័ត្ន (Nickolas Roth) នាយកជាន់ខ្ពស់នៅអង្គការ Nuclear Threat Initiative បានលើកឡើងថា ការលេចធ្លាយទិន្នន័យនេះអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់រោងចក្រ។ ការលេចធ្លាយនេះក៏បង្ហាញឱ្យឃើញផងដែរថា ការវាយប្រហារតាមអ៊ីនធឺណិត បានក្លាយជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលក្រុមហ៊ុនជាច្រើនមិនទាន់មានឧបករណ៍ ឬសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការគំរាមកំហែងបែបនេះ។ ឯកសារជិត១៩០០០ច្បាប់់ មានទំហំសរុប ១៤,៣ជីហ្កាបៃ(GB) បានស្ថិតនៅលើអនឡាញតាំងពីថ្ងៃទី១១ ខែមិថុនា នេះបើយោងតាមលោក រ៉ាកេសហ៍ គ្រឹស្ថនន្ត (Rakesh Krishnan) អ្នកស្រាវជ្រាវសន្តិសុខតាមអ៊ីនធើណិតឯករាជ្យ ដែលជាមនុស្សដំបូងគេ រាយការណ៍អំពីការលេចធ្លាយនេះ។ ក្រៅពីប្លង់មេ និងព័ត៌មានលម្អិតរបស់អ្នកផ្គត់ផ្គង់ ឯកសារទាំងនោះក៏បានបង្ហាញពីកំណត់ហេតុនៃកិច្ចប្រជុំ និងការត្រួតពិនិត្យ ការវាយតម្លៃឧបករណ៍ និងគោលនយោបាយធានារ៉ាប់រងផងដែរ។

ឯកសារទាំង១៩០០០ច្បាប់នេះ ហាក់ដូចជាឯកសារដ៏រសើបបំផុតក្នុងចំណោមឯកសារសរុបចំនួន៨៥៨ ០០០ច្បាប់របស់ក្រុមហ៊ុន Reliance នៅលើគេហទំព័រ World Leaks។ សូមជម្រាបថា World Leaks ជាក្រុមលួចទិន្នន័យដើម្បីជំរិតទារប្រាក់​ដ៏ល្បីល្បាញ និងធ្លាប់បានកំណត់គោលដៅលើក្រុមហ៊ុន Nike និងក្រុមហ៊ុន Tata Group របស់ឥណ្ឌា មិនបានឆ្លើយតបនឹងសំណួររបស់រ៉យទ័រនោះទេ។ ជាទូទៅ ក្រុមនេះតែងតែបង្ហោះទិន្នន័យសាជីវកម្ម ដែលលួចបាននៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បដិសេធមិនព្រមបង់ប្រាក់។ គេហទំព័ររបស់ពួកគេអាចចូលប្រើបានតែតាមរយៈកម្មវិធីពិសេសប៉ុណ្ណោះ។ កាលពីខែមិថុនា World Leaks បានប្រាប់រ៉យទ័រថា ពួកគេបានជំរិតទារប្រាក់ចំនួន១,៥លានដុល្លារ សម្រាប់ឯកសាររបស់ក្រុមហ៊ុន Tata Group ដែលមានផ្ទុកនូវការរចនាសមាសភាគសម្ងាត់របស់អតិថិជនដូចជា Apple និង Tesla។ ក្រោយមក ពួកគេបានបង្ហោះទិន្នន័យនោះ បន្ទាប់ពីក្រុមហ៊ុន Tata មិនអើពើនឹងការទាមទាររបស់ពួកគេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត