អ៊ុយក្រែនចាប់ដៃអាម៉េរិក ផលិតមីស៊ីលការពារដែនអាកាស
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានអះអាងថា អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងនយោបាយមួយ លើអាជ្ញាបណ្ណសម្រាប់ការផលិតមីស៊ីលការពារដែនអាកាស ប្រភេទ PAC-3 Patriot...។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោក ដូណាល់ ត្រាំ
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោក ដូណាល់ ត្រាំ

គ្រាប់មីស៊ីល PAC-3 Patriot គឺជាអាវុធលោកខាងលិចមួយក្នុងចំណោមអាវុធតិចតួចបំផុត ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបាលីស្ទីក។ មីស៊ីលបាលីស្ទីកនេះ ត្រូវបានរុស្ស៊ី បាញ់សំដៅកាន់តែខ្លាំងឡើង ទៅលើបណ្តាទីក្រុងនានារបស់អ៊ុយក្រែន។ លោក ហ្សេឡេនស្គី បានអះអាងថា ការចរចាកំពុងបន្តជាមួយសហរដ្ឋអាម៉េរិកលើកិច្ចព្រមព្រៀងដ្រូន ឬការផលិតដ្រូនរួមគ្នា។ ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា៖«[...]នៅថ្ងៃខាងមុខ យើងនឹងទទួលបានកញ្ចប់ជំនួយពីសហរដ្ឋអាម៉េរិក ហើយក៏មានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយចំនួនទៀតផងដែរ»។ លោកបន្តថា៖ «យើងបានដោះស្រាយបញ្ហានេះក្នុងកម្រិតនយោបាយរួចរាល់ហើយ។ ឥឡូវនេះ វាជារឿងសំខាន់ណាស់ដែលក្រុមបច្ចេកទេសរបស់យើង មានតំណាងទាំងអស់មកពីក្រសួងផ្សេងៗគ្នា និងតំណាងមកពីស្ថាប័នប្រតិបត្តិ ត្រូវចាប់ផ្តើមធ្វើការលើរឿងនេះដោយមិនបង្អង់យូរ ដើម្បីឱ្យយើងអាចទទួលបានអាជ្ញាបណ្ណយ៉ាងឆាប់រហ័ស និងចាប់ផ្តើមការផលិតមីស៊ីល Patriot នៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។

លោក ហ្សេឡេនស្គី បានទទូចសុំជាយូរមកហើយ នូវការផ្គត់ផ្គង់ឱ្យបានលឿនជាងមុនចំពោះគ្រាប់មីស៊ីល ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបាលីស្ទីករុស្ស៊ី ពោលគឺជាតម្រូវការកាន់តែចាំបាច់ខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារនាពេលថ្មីៗនេះលើរដ្ឋធានីគៀវរបស់អ៊ុយក្រែន និងទីក្រុងដទៃទៀត។ លោក បានបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងដ្រូនណាមួយត្រូវបានចុះហត្ថលេខាជាមួយរដ្ឋធានីវ៉ាស៊ីនតោននៅឡើយទេ ប៉ុន្តែមានឯកសារមួយចំនួនត្រូវបានចុះហត្ថលេខារួចហើយ ដើម្បីឱ្យភាគីអាម៉េរិកអាចទទួលបានឧបករណ៍ផ្សេងៗ ពីអ៊ុយក្រែន ក្នុងទម្រង់ប្លែកៗគ្នា រួមមានទាំងដ្រូនលើអាកាស និងដ្រូនលើទឹក ព្រមទាំងបច្ចេកវិទ្យាដទៃទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត