ចាប់តាំងពីផ្ទុះស.ង្គ្រា.ម អាម៉េរិកសម្រុកលក់អាវុ.ធឱ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាជាង១០ពាន់លានដុល្លារ
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្ថានភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែដុនដាបឡើង ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកប្រតិបត្តិការយោធារួមគ្នា វាយប្រហារលើអ៊ីរ៉ង់ ខណៈរដ្ឋបាលត្រាំសម្រេចចិត្តបញ្ចេញកញ្ចប់អាវុធទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ សរុបជាទឹកប្រាក់ជាង១០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្តឱ្យខ្លាំងថែមមួយកម្រិតទៀត ស្របពេលក្រុមឧទ្ទាមហ៊ូធីចាប់ផ្តើមលូកដៃចូលក្នុងរលកសង្គ្រាមថ្មី...។

មួយរយៈពេលចុងក្រោយនេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រើប្រាស់អំណាចពិសេសរំលងស្ថាប័នសភា ដើម្បីដេញថ្លៃ និងពន្លឿនការលក់អាវុធក្នុងតម្លៃប្រមាណជាង១០ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប់រួម និងអាប៊ីសាអូឌីត។ ចំណាត់ការដ៏ក្ដៅគគុកនេះ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដែលបង្កជាការវាយបកសងសឹកមកវិញពីសំណាក់អ៊ីរ៉ង់ ដោយប្រើប្រាស់ដ្រូន និងមីស៊ីលស្រោចលើអ៊ីស្រាអែល ក៏ដូចជាបណ្តារដ្ឋឈូងសមុទ្ទ ដែលផ្តល់ទីតាំងសម្រាប់មូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក។

យោងតាមគម្រោងលក់អាវុធបន្ទាន់នោះ រួមមាន៖ ប្រទេសកាតា ចំណាយជិត ៥ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធគ្រាប់មីស៊ីល ដែលបាញ់ចេញមានភាពជាក់លាក់កម្រិតខ្ពស់ និងប្រព័ន្ធការពារមីស៊ីល Patriot។ ចំណែកឯ ប្រទេសគុយវ៉ែត បញ្ជាទិញប្រព័ន្ធបញ្ជាការប្រយុទ្ធក្នុងតម្លៃ២,៥ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពរ៉ាដាការពារដែនអាកាស។ លើសពីនេះ អ៊ីស្រាអែល ទទួលបានការអនុម័តទិញប្រព័ន្ធគ្រាប់មីស៊ីលក្នុងតម្លៃ៩៩២លានដុល្លារ ហើយអារ៉ាប់រួមក៏បានបញ្ជាទិញមីស៊ីលជិត ១៤៨លានដុល្លារផងដែរ។ នៅថ្ងៃព្រហស្បតិ៍ទី១៦កក្កដានេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកអះអាងថា ខ្លួនបានអនុម័តលើការលក់អាវុធ ដែលមានតម្លៃប្រហែល ១,៩៦ពាន់លានដុល្លារថែមទៀត ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមអាវុធ ដែលប្រទេសជង្រុកប្រេងនេះចង់បាន រួមមានប្រព័ន្ធគ្រាប់មីស៊ីល ដែលបាញ់ចេញមានភាពជាក់លាក់កម្រិតខ្ពស់ និងក្បាលគ្រាប់រហូតដល់២០០០០គ្រាប់

ការណ៍នេះកើតឡើង ស្របពេលអារ៉ាប៊ីសាអូឌីតហាក់កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមជាថ្មីម្ដងទៀត ជាមួយក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីក្រុមនេះ បានបាញ់ស្រោចមីស៊ីលសំដៅទៅលើព្រលានយន្តហោះមួយកន្លែងក្នុងទីក្រុងអាប់ហា(Abha) ភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗ។ សូមជម្រាបថា ការវាយប្រហាររបស់ក្រុមហ៊ូធី ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយេម៉ែនបានវាយប្រហារលើព្រលានយន្តហោះសាណា(Sanaa) ដើម្បីបង្វែរទិសដៅជើងហោះហើរមួយ ដែលធ្វើដំណើរត្រឡប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយក្នុងនោះក៏មានគណៈប្រតិភូក្រុមហ៊ូធី នៅលើនោះផងដែរ។ ចំណាត់ការនេះ ក៏បានកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក​ កំពុងបង្កើនរលកនៃការវាយប្រហារយ៉ាងសន្ធាប់លើប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋធានីតេហេរ៉ង់បាញ់ប្រហារតដៃវិញដោយគ្មានញញើតឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត