អាវុធហត្ថ ចាប់ក្រុមកា.ប់ប្ល.ន់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត
ហាក់ អ៊ីឌី
7 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាកាប់ប្លន់ម៉ូតូពលរដ្ឋ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ខណៈពួកគេតែងតែធ្វើសកម្មភាពក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ....។

ផ្នែកតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឱ្យដឹងថា​ ជនសង្ស័យចំនួន១១នាក់ត្រូវកម្លាំងជំនាញចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធសម្រាប់ប្រហារ និងប្រើប្រាស់គ្រឿងញៀន។ ក្រោយសាកសួរ អាជ្ញាធរពិនិត្យឃើញថា ក្នុងចំណោមជនសង្ស័យទាំង១១នាក់ ជនសង្ស័យឈ្មោះ យ៉ន ប៊ុនថាយ ហៅថៃ ជាមុខសញ្ញាសកម្ម ក្នុងអំពើលួចស្ថានទម្ងន់ទោស។ មិនមែនតែ១១នាក់ទេ! បើផ្អែកតាមរបាយការណ៍ដដែល ពួកគេ មានបក្ខពួកប្រហែល៥០ទៅ៦០នាក់ឯណោះ ដែលជាក្រុមសកម្មក្នុងការកាប់យកម៉ូតូនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ខណៈបក្ខពួកផ្សេងទៀត កំពុងស្ថិតក្នុងការតាមរករបស់សមត្ថកិច្ច។ ជុំវិញរឿងនេះ មហាជនលើកឡើងថា បញ្ហាអសន្តិសុខសង្គម រួមមានអំពើលួច ឆក់ និងប្លន់ នៅក្នុងក្រុងប៉ោយប៉ែត បាននិងកំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាក្ដីកង្វល់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត