រដ្ឋមន្ត្រីការបរទេសអាស៊ាន គាំទ្រការលើកកម្ពស់សិទ្ធិមនុស្ស ខណៈកម្ពុជារាយការណ៍ពីផលប៉ះពាល់មនុស្សធម៌ ដោយសារជម្លោះព្រំដែន
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំមួយនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថ្លែងប្រាប់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្ស ដែលជនស៊ីវិលកម្ពុជា កំពុងប្រឈមដោយសារជម្លោះព្រំដែនថៃឈ្លានពាន...។

ក្រសួងការបរទេសកម្ពុជា ប្រកាសព័ត៌មាននេះនៅថ្ងៃទី២១កក្កដា តបតាមការអញ្ជើញរបស់ លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងជាប្រធានអាស៊ានប្ដូរវេនបច្ចុប្បន្ន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។ ក្នុងជំនួបជាមួយតំណាង AICHR រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់របាយការណ៍ប្រចាំឆ្នាំ២០២៦ របស់ AICHR និងស្វាគមន៍វឌ្ឍនភាពដែលសម្រេចបានក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់។ អង្គប្រជុំក៏បានលើកទឹកចិត្តឱ្យ AICHR បន្តអនុវត្តកម្មវិធីអាទិភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងផ្តោតលើលទ្ធផល ស្របតាមផែនការការងារប្រាំឆ្នាំ (២០២៦-២០៣០) ដើម្បីគាំទ្រការអនុវត្តចក្ខុវិស័យ«អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង»។

អំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្ស ដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។ ប្រមុខការទូតកម្ពុជា ជម្រាបជូនអង្គប្រជុំថា៖«ជនស៊ីវិលច្រើនជាង២ម៉ឺននាក់ បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀត ខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបាន[កម្ពុជា]ខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ»។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី អំពាវនាវដល់សហការីអាស៊ាន គាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។

គួរជ្រាបថា ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់មួយចំនួន តាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ពលរដ្ឋខ្មែរភាគច្រើនជាស្ត្រី និងកុមារប្រមាណ២០៤២៣នាក់ នៅតែបន្តភៀសខ្លួនមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ទោះបទឈប់បាញ់រវាងកម្ពុជា-ថៃ ត្រូវបានប្រកាសតាំងតែពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត