
រដ្ឋធានីហ្សាការតា៖ ក្រុមម្ចាស់ជើងឯក SEA V-CUP លើកទី៦ ជុំទី១ កម្ពុជា និងជួបក្រុមជើងឯករង ឥណ្ឌូណេស៊ី វគ្គសន្សំពិន្ទុ ថ្ងៃប្រកួតបើកឆាកពានជើងឯក SEA V-CUP លើកទី៦ ជុំទី២ នៅកីឡដ្ឋានJakarta International Velodrome ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២២កក្កដាស្អែកនេះ...។

ការប្រកួតដណ្តើមពានជើងឯក SEA V-CUP លើកទី៦ ជុំទី១ នៅប្រទេសហ្វីលីពីន ក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អនៅក្នុងវគ្គសន្សំពិន្ទុក្នុងពូលA ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣សិតទល់នឹង២, ចាញ់ក្រុមឥណ្ឌូណេស៊ី ០សិតទល់៣ ប៉ុន្តែបានឡើងទៅវគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈរនៅចំណាត់លេខពីរ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមបាល់ទះជម្រើសជាតិថៃ ក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយទម្លាក់ក្រុមថៃ ក្នុងលទ្ធផល ៣សិតទល់១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបក្រុមជើងខ្លាំងឥណ្ឌូណេស៊ី ដែលបានទម្លាក់ក្រុមបាល់ទះជម្រើសជាតិវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដូចគ្នា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានជើងឯក SEA V-CUP លើកទី៦ ជុំទី១ នេះពិតជារន្ធត់ ដ្បិតក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា ធ្លាប់ចាញ់ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ម្ដងរួចមកហើយ កាលពីវគ្គសន្សំពិន្ទុ ដូច្នេះ ក្ដីសង្ឃឹមដណ្តើមបានពានជើងឯក ជាសុបិនដ៏វែងឆ្ងាយសម្រាប់ក្រុមអ្នកគាំទ្រ។ យ៉ាងណា ព្រឹត្តិការប្រវត្តិសាស្ត្រសម្រាប់វិស័យបាល់ទះកម្ពុជា ត្រូវបានប្រសូតឡើងបន្ទាប់ពីក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា ប្រកួតនាំមុខពីរសិតមុន ដោយលទ្ធផល ២៥ទល់២៣ និងបន្តឈ្នះនៅសិតទី២ ក្នុងលទ្ធផល ២៨ទល់២៦។ គួរឱ្យស្ដាយ ក្រុមឥណ្ឌូណេស៊ី បានបញ្ចប់ក្ដីសង្ឃឹមក្រុមអ្នកគាំទ្របាល់ទះកម្ពុជា ម្ដងទៀត បន្ទាប់ពីសិតទី៣ និងសិតទី៤ ក្រុមឥណ្ឌូណេស៊ី វាយបកយកឈ្នះក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា បានក្នុងលទ្ធផល ២៥សិតទល់២៣ និងពិន្ទុ២៥ទល់នឹង២២ ធ្វើឱ្យក្រុមទាំងពីរឈ្នះម្ខាង២សិតដូចគ្នា ហើយត្រូវសម្រេចកាត់សេចក្ដីដោយសិតទី៥ ដែលមានពិន្ទុត្រឹមតែ១៥គ្រាប់បាល់ប៉ុណ្ណោះ។

ទីបំផុត ក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា អាចធ្វើបានយ៉ាងអស្ចារ្យ ដោយបាននាំមុខក្រុមអត្តពលិកបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី រហូតដល់បញ្ចប់ការប្រកួត ឈ្នះក្នុងលទ្ធផល ១៥-១១ បានក្លាយជាម្ចាស់ពានជើងឯក SEA V-CUP លើកទី៦ ជុំទី១ បំបែកកំណត់ត្រាឱ្យក្រុមបាល់ទះកម្ពុជា ដែលអាចយកឈ្នះលើក្រុមខ្លាំងឥណ្ឌូណេស៊ីផង និងដណ្តើមបានពានជើងឯកប្រចាំព្រឹត្តិការណ៍ដ៏ធំនេះផង។ ដូច្នេះ ជំនួបប្រកួតនៅយប់ថ្ងៃពុធទី២២កក្កដាស្អែកនេះ គឺជាជំនួបសងសឹកដ៏ក្ដៅគគុករវាងក្រុមឥណ្ឌូណេស៊ី និងក្រុមបាល់ទះកម្ពុជា ដែលអាចនិយាយបានថា ជាការប្រកួតបាល់ទះដ៏ធំបំផុតប្រចាំព្រឹត្តិការណ៍ SEA V-CUP លើកទី៦ ជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី ព្រោះម្ចាស់ជើងឯក និងជើងឯករង ជួបគ្នាដណ្តើមពានម្ដងទៀត។

យ៉ាងណា មហាជនមួយចំនួនមានចម្ងល់ថា ហេតុអ្វីពាន SEA V-CUP លើកទី៦ មានពីរជុំ ហេតុអ្វីបានជាមិនធ្វើតែមួយជុំ។ SBM News មិនទាន់អាចអាចសុំការអត្ថាធិប្បាយពីអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា បាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។ ប៉ុន្តែបើតាមការវិភាគរបស់អ្នកតាមដានកីឡាបាល់ទះអាស៊ីអាគ្នេយ៍ SEA V-CUP បង្ហាញការយល់ឃើញថា៖ មានមូលហេតុមួយចំនួន ដែល SEA V-CUP ត្រូវបែងចែកការប្រកួតជា២ជុំ និងមានហេតុផលធំៗចំនួន៤ រួមមាន៖ ទី១.បង្កើនចំនួនប្រកួតឱ្យកីឡាករ ធ្វើការប្រកួតប្រជែងឱ្យបានខ្លាំងជាងមុន និងបង្កើនការហ្វឹកហាត់បំពេញសមត្ថភាព. ទី២.ផ្តល់ឱកាសឱ្យក្រុមចាញ់បានកែប្រែកំហុស និងពង្រឹងសមត្ថភាពប្រកួត, ទី៣.បង្កើនភាពស្វិតស្វាញនៃការប្រកួត និងការដណ្តើមពាន ជាមួយប្រាក់រង្វាន់, និងចុងក្រោយ ទី៤.ដើម្បីផ្តល់ភាពយុត្តិធម៌ រឿង"ម្ចាស់ផ្ទះ" ឬ(Home & Away)។ តែទោះជាយ៉ាងណាក៏ដោយ សូមកុំភ្លេចចូលរួមគាំទ្រ លើកទឹកចិត្តដល់ក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា យើងទាំងអស់គ្នា...៕







