អ្នកនាំពាក្យខេត្តកំពង់ស្ពឺ បញ្ជាក់ថា ថ្នាក់លើកំពុងពិនិត្យករណីអនុភូមិអូររំចេក សង់របងរំលោភលើផ្លូវសាធារណៈ
ហាក់ អ៊ីឌី
6 ម៉ោងមុន

ក្រុងច្បារមន៖ ផ្ទុះការជជែកវែកញែកគ្នាលើបណ្ដាញសង្គម ជុំវិញទង្វើរបស់លោកអនុភូមិអូររំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលហ៊ានសាងសង់របងរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជន បង្កឱ្យមានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន...។ 

តាមរយៈវីដេអូឃ្លីបប្រមាណ៣នាទីដែលអង្គភាពសារព័ត៌មាន SBM News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា របងឈើជាច្រើនម៉ែត្រ សាងសងលើផ្លូវសាធារណៈមួយខ្សែ ដែលគេស្គាល់ជាកម្មសិទ្ធិ​របស់លោកផៃ សុវណ្ណ មានតួនាទីជាអនុភូមិអូររំចេក ខណៈសកម្មភាពទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា ហាក់មិនខ្លាចញញឹតច្បាប់បន្តិចសោះ។ យ៉ាងណា កន្លងមក លោកផៃ សុវណ្ណ ដែលមានតួនាទីជាអនុភូមិអូររំចេក ត្រូវបានពលរដ្ឋអះអាងថា ពួកគេធ្លាប់បានមូលមតិគ្នា ធ្វើការបោះឆ្នោតឱ្យចុះចេញពីតំណែងជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែមន្ត្រីថ្នាក់ឃុំ នៅតែរក្សាកៅអីបុគ្គលរូបនេះដដែល ព្រោះជាបក្ខពួកខ្លួន។ 

ជុំវិញបញ្ហាខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូររំចេក បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើរបស់អនុភូមិរូបនេះ ដោយពួកគេលើកឡើងថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន គួរតែជាគំរូល្អក្នុងការគោរពច្បាប់ និងការពារផលប្រយោជន៍រួម ប៉ុន្តែបែរជាមកប្រព្រឹត្តអំពើបែបនេះទៅវិញ។ ទាក់ទងករណីខាងលើនេះដែរ ការីនិពន្ធ SBM News បានព្យាយាមសុំការបំភ្លឺពី លោក ហន ភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃដដែលនេះ ដោយលោកបញ្ជាក់ថា ពាក់ព័ន្ធរឿងរ៉ាវទាំងអស់ លោកបានទទួលព័ត៌មានហើយ និងកំពុងបញ្ជូនដំណឹងនេះទៅកាន់លោកមេស្រុកសំរោងទង ដើម្បីបើកការស្រាវជ្រាវ និងស្វែងរកការពិត ហើយប្រសិនបើរកឃើញការពិតនោះ ច្បាស់ណាស់បុគ្គលដែលល្មើសអាចប្រឈម និងការដាក់ទោសទណ្ឌ៕ 

លោក ហន ភក្ដី អ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ 
លោក ហន ភក្ដី អ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត