ចិនជះលុយជិត១៨ពាន់លានដុល្លារ ទិញយន្តហោះ Airbus ៩៥គ្រឿង ធ្វើទំនើបកម្មវិស័យអាកាសចរណ៍បន្ថែមទៀត
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន៣របស់ចិន បានព្រមព្រៀងទិញយន្តហោះពីក្រុមហ៊ុន Airbus សរុបចំនួន៩៥គ្រឿង ក្នុងតម្លៃប្រមាណ១៧,៨ពាន់លានដុល្លារអាម៉េរិក។ ការបញ្ជាទិញដ៏ធំសម្បើមនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកសមត្ថភាពដឹកជញ្ជូន និងធ្វើទំនើបកម្មក្រុមយន្តហោះដែលមានស្រាប់ ជាមួយយន្តហោះជំនាន់ថ្មី ដែលមានលក្ខណៈសន្សំសំចៃប្រេងជាងមុន។

ក្រុមហ៊ុន Air China បានបញ្ជាទិញយន្តហោះខ្នាតធំ ប្រភេទ A350-900 ចំនួន ១៥គ្រឿង ដែលមានតម្លៃជាង៦ពាន់លានដុល្លារ ដោយគ្រោងប្រគល់ជូននៅចន្លោះឆ្នាំ២០២៨ និងឆ្នាំ២០៣២។ យន្តហោះប្រភេទនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ជើងហោះហើរអន្តរជាតិចម្ងាយឆ្ងាយ។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airlines (ហ្ស៊ិនជិន អ៊ែឡាញ) បានបញ្ជាទិញយន្តហោះខ្នាតតូច ប្រភេទ A320neo-family ចំនួន៤០គ្រឿង តម្លៃប្រមាណ៦,៣៥ពាន់លានដុល្លារ ដោយគ្រោងប្រគល់ជូននៅចន្លោះឆ្នាំ២០២៩ ដល់ឆ្នាំ២០៣២។ រីឯ ក្រុមហ៊ុន Hainan Airlines (ហៃណាន់ អ៊ែឡាញ) បានបញ្ជាទិញយន្តហោះប្រភេទ A320neo ចំនួន៤០គ្រឿង ដោយគ្រោងប្រគល់ជូននៅចន្លោះឆ្នាំ២០២៨ ដល់២០៣២។ យន្តហោះប្រភេទនេះ គឺជាគូប្រជែងផ្ទាល់របស់ Boeing 737 MAX លើផ្លូវហោះហើរចម្ងាយមធ្យម។

គួរជម្រាបផងដែរថា ក្រៅពីក្រុមហ៊ុនទាំង៣ខាងលើ ក្រុមហ៊ុនអាកាសចរណ៍ចិនផ្សេងទៀតក៏បានបញ្ជាទិញយន្តហោះពី Airbus ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរនាពេលថ្មីៗនេះ រួមមានក្រុមហ៊ុន China Eastern Airlines, China Southern Airlines និង Xiamen Airlines (សៀមេន អ៊ែឡាញ) ដែលសរុបបញ្ចូលគ្នាមានតម្លៃរាប់សិបពាន់លានដុល្លារ ដើម្បីយកទៅជំនួសយន្តហោះចាស់ៗ និងបង្កើនសមត្ថភាពដឹកជញ្ជូនបន្ថែម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត