
រាជធានីភ្នំពេញ៖ លោកស្រី វ្ល៉ាដាន់កា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានបង្ហាញក្ដីបារម្ភជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសពលករ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន…។

លោកស្រីបង្ហាញក្តីបារម្ភនេះ បន្ទាប់ពីបានស្ដាប់ការលើកឡើងដោយផ្ទាល់ពីសំណាក់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១២មីនា ឆ្នាំ២០២៦ ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃលើកម្ពុជាជាបន្តបន្ទាប់ម្ដងហើយម្ដងទៀត បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ លោក កែវ រ៉េមី ប្រាប់លោកស្រី ថា ថៃបានវាយប្រហារកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់, គ្រាប់បែកចង្កោម, ផ្សែងពុល, និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 លើដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បន្តថា ថៃព្រមទាំងបានរើសអើង និងប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ហើយប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, លួចទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា, ប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗដែលបង្កការប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន។ មិនទាន់អស់ទេ! ថៃបានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការដាក់ពង្រាយលួសបន្លា, ដាក់ទូកុងតឺន័រ, ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ, និងបានកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យពលរដ្ឋកម្ពុជាប្រមាណ៤ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាន។

ជាការឆ្លើយតប លោកស្រី វ្ល៉ាដានកា អានឌ្រីវ៉ា បានសម្ដែងក្ដីបារម្ភជុំវិញបញ្ហានេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ លោកស្រីបញ្ជាក់ថា៖ «ជម្លោះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ព្រមទាំងសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និងច្បាប់អន្តរជាតិត្រូវតែគោរព»។ ក្នុងជំនួបដដែល ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ក៏បានលើកឡើងពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាក្នុងវិស័យសិទ្ធិមនុស្ស ព្រមទាំងការគាំទ្រដល់ក្រុមងាយរងគ្រោះ រួមមាន៖ ជនភៀសសឹកកម្ពុជា ជាពិសេស ការគាំទ្រផ្នែកសុខភាពផ្លូវចិត្តដល់ជនភៀសសឹក និងការអប់រំដល់កុមារនៅក្នុងគ្រួសារភៀសសឹក៕




