វៀតណាមចាប់ខ្លួនអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយសៀវភៅរឿងលោក ហូ ជីមិញ
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីហាណូយ៖ នគរបាលវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិចំនួន៣នាក់នៃរោងពុម្ពមួយ ដែលបានចេញផ្សាយសៀវភៅស្តីពី លោក ហូ ជី មិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សកុម្មុយនីស្ដរបស់ប្រទេសនេះ...។

អ្នកនិពន្ធសៀវភៅ «Stories with Thanh - A New Account of Light» គឺលោក ង្វៀន ថាញ់ណាំ (Nguyen Thanh Nam) អតីតនាយកប្រតិបត្តិទូរគមនាគមន៍ ត្រូវបានចាប់ខ្លួនពីបទប្រឆាំងរដ្ឋ កាលពីដើមខែកក្កដា រួមជាមួយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមម្នាក់ ដែលបានជួយផ្សព្វផ្សាយសៀវភៅនេះនៅលើបណ្តាញសង្គមរបស់ខ្លួន។ សៀវភៅនេះ បានរៀបរាប់អំពីជីវិតជាច្រើនឆ្នាំរបស់លោក ហូ ជីមិញ នៅឯបរទេស ដើម្បីស្វែងរកវិធីសាស្ដ្រក្នុងការដុតបញ្ឆេះចលនារំដោះជាតិនៅក្នុងប្រទេសកំណើត។ នគរបាលវៀតណាមអះអាងថា ពួកគេបានចាប់ខ្លួននាយក, និពន្ធនាយក, និងប្រធានក្រុមប្រឹក្សាភិបាលនៃរោងពុម្ពសមាគមអ្នកនិពន្ធវៀតណាម (Vietnam Writers' Association Publishing House) ដែលបានបោះពុម្ពផ្សាយសៀវភៅនេះ កាលពីខែឧសភាកន្លងទៅ។ ពួកគេប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ផលិត រក្សាទុក ចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ឯកសារ ឬវត្ថុបំណងប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នគរបាល។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«អ្នកទាំង៣ បានចូលរួមក្នុងការកែសម្រួល កែប្រែ បោះពុម្ពផ្សាយ និងផ្សព្វផ្សាយសៀវភៅ..ដែលបំភ្លៃប្រវត្តិសាស្ត្រនៃបដិវត្តន៍ គោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ»។ ក្រសួងវប្បធម៌វៀតណាមបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើស្ថាប័នសារព័ត៌មានចំនួន២៣ ដែលបានចុះផ្សាយអត្ថបទសរសើរសៀវភៅនេះ។ ក្រសួងដដែលកត់សម្គាល់ថា៖«ទីភ្នាក់ងារសារព័ត៌មានទាំងនេះ បានទទួលស្គាល់កំហុសរបស់ពួកគេ និងបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីមេរៀននៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន»។ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានបង់ប្រាក់ពិន័យជិត២៥០០ដុល្លារអាម៉េរិក ខណៈបុគ្គលិកជាងដប់នាក់ ដែលពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយអត្ថបទទាំងនោះ ត្រូវបានផ្ទេរភារកិច្ច ព្យួរការងារ ឬបញ្ឈប់ពីការងារ។

នៅក្នុងសុន្ទរកថា ដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិ លោក ណាំ បានចេញមុខសារភាពថា៖«ខ្ញុំទទួលស្គាល់ថាមានកំហុស ផ្នែកអង្គហេតុ និងការអះអាងមិនពិត ដែលផ្ទុយនឹងគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់រូបភាពរបស់ប្រធាន ហូ ជីមិញ និងបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន»។ គួរបញ្ជាក់ថា មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាម តែងតែចាប់អ្នករិះគន់ដាក់គុក ដោយក្នុងនោះមានអ្នករិះគន់ជាង១៦០នាក់ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត