ទឹកជំនន់នៅភាគខាងជើងវៀតណាម ឆក់យកជីវិតមនុស្ស៤នាក់ ខណៈ៤នាក់ទៀតបាត់ខ្លួន
N
Nary Vann
មួយថ្ងៃមុន

រដ្ឋធានីហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) បានរាយការណ៍កាលពីថ្ងៃទី១៨ ខែកក្កដាថា យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ឆាប់ភ្លាមៗ បានវាយប្រហារហូរកាត់ភូមិដាច់ស្រយាលមួយក្នុងតំបន់ភ្នំ នៃខេត្តឡាយចូវ (Lai Chau) ភាគខាងជើងប្រទេសវៀតណាម។

គ្រោះមហន្តរាយនេះ បានកើតឡើងនៅក្នុងភូមិមឿងថាន់ (Muong Than) បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកជាច្រើនថ្ងៃជាប់ៗគ្នា នៅភាគខាងជើងប្រទេស ដោយបណ្ដាលឱ្យមនុស្ស៧នាក់ផ្សេងទៀតរងរបួសផងដែរ។ រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីទិដ្ឋភាពភក់ពណ៌ក្រហមឆ្អៅ និងទឹកជំនន់ជន់លិចពេញភូមិ ព្រមទាំងមានផ្ទាំងថ្ម និងកម្ទេចឈើធំៗកកស្ទះគរលើផ្លូវថ្នល់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា គិតចាប់តាំងពីថ្ងៃពុធមក គ្រោះបំណាក់ដី និងជំនន់ទឹកភ្លៀងដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញប្រព័ន្ធផ្លូវថ្នល់ បណ្តាញអគ្គិភ័យ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយខ្នង ព្រមទាំងបានលិចលង់ផ្ទៃដីកសិកម្ម និងដំណាំរួមផ្សំអស់ចំនួន២៣៨ហិកតានៅក្នុងតំបន់។

វៀតណាម ជាប្រទេសងាយរងគ្រោះខ្លាំងដោយសារតែខ្យល់ព្យុះ និងទឹកជំនន់កាចសាហាវក្នុងរដូវវស្សា ដែលជាទូទៅចាប់ផ្តើមធ្លាក់ខ្លាំងពីខែកក្កដា ដល់ខែកញ្ញា។ ផ្អែកតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល កាលពីឆ្នាំមុន គ្រោះធម្មជាតិបានសម្លាប់មនុស្សអស់ចំនួន៤៨៩នាក់នៅក្នុងប្រទេស។ ជាមួយគ្នា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានបន្តចេញសេចក្តីប្រកាសព្រមានថា តំបន់ជាច្រើននៅភាគខាងជើងវៀតណាម អាចនឹងបន្តមានភ្លៀងធ្លាក់កម្រិតធ្ងន់រហូតដល់២៥០មីលីម៉ែត្របន្ថែមទៀត ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ និងបំណាក់ដីជាបន្តបន្ទាប់ ដោយព្រមានឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត