វៀតណាមចេញច្បាប់ថ្មី៖ និស្សិតត្រូវចេះ AI និងជំនាញឌីជីថល ទើបអនុញ្ញាតឱ្យបញ្ចប់ការសិក្សា
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលប្រទេសវៀតណាម បានដាក់ចេញនូវបទប្បញ្ញត្តិថ្មីសន្លាងមួយ ដោយកំណត់ឱ្យសិស្សនិស្សិតសាកលវិទ្យាល័យទាំងអស់ ទូទាំងប្រទេស ត្រូវមានសមត្ថភាពផ្នែកឌីជីថល និងចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត (AI) ជាលក្ខខណ្ឌដាច់ខាត ដើម្បីអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របាន។ នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រអប់រំរបស់វៀតណាម ដែលជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ទាំងនេះ ត្រូវបានបញ្ចូលជាលទ្ធផលសិក្សាចាំបាច់ សម្រាប់គ្រប់កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា។

បទប្បញ្ញត្តិថ្មីនេះ បានបង្កើតនូវក្របខ័ណ្ឌរួមមួយសម្រាប់កែទម្រង់រចនាសម្ព័ន្ធកម្មវិធីសិក្សាទាំងថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ សម្រាប់ថ្នាក់បរិញ្ញាបត្រ ក្រៅពីចំណេះដឹងមូលដ្ឋាន និងជំនាញឯកទេស និស្សិតត្រូវតែទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើជំនាញឌីជីថល AI និងត្រូវមានជំនាញភាសាបរទេសច្បាស់លាស់ ព្រមទាំងសមត្ថភាពលើការអភិវឌ្ឍខ្លួន ក្នុងការរៀនសូត្រពេញមួយជីវិត។ ជាមួយគ្នា ក្រសួងក៏បានកំណត់ចំនួនក្រេឌីត (Credits) អប្បបរមា ដោយថ្នាក់បរិញ្ញាបត្រត្រូវមានយ៉ាងតិច១២០ក្រេឌីត (កម្មវិធីឯកទេសត្រូវមាន១៥០ក្រេឌីត), ថ្នាក់អនុបណ្ឌិតយ៉ាងតិច៤៥ក្រេឌីត និងថ្នាក់បណ្ឌិតយ៉ាងតិច៩០ក្រេឌីត។

ក្រៅពីការរឹតបន្តឹងលើសមត្ថភាពនិស្សិត ច្បាប់ថ្មីនេះ ក៏បានបង្កើនការគ្រប់គ្រងទៅលើគុណវុឌ្ឍិរបស់សាស្ត្រាចារ្យ និងហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យយ៉ាងខ្លាំងផងដែរ។ នៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ សាស្ត្រាចារ្យពេញម៉ោងដែលមានសញ្ញាបត្របណ្ឌិត (PhD) ត្រូវតែជាអ្នកបង្រៀនយ៉ាងហោចណាស់៥០ភាគរយនៃមុខវិជ្ជាឯកទេស ហើយសមាមាត្រនេះ ត្រូវកើនឡើងដល់៧៥ភាគរយសម្រាប់ថ្នាក់អនុបណ្ឌិត និង១០០ភាគរយសម្រាប់ថ្នាក់បណ្ឌិត។ លើសពីនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវរៀបចំសម្ភារអនុវត្ត បណ្ណាល័យ ធនធានសិក្សាឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវគុណភាពអប់រំស្របតាមតម្រូវការទីផ្សារការងារសម័យថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត