
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ត្រិញ វ៉ាន់ ក្វៀត ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នានៅវិមានសន្តិភាព ដើម្បីបន្តជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ…។

វិស័យសំខាន់ៗ ដែលភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងជាងមុន រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោក ត្រិញ វ៉ាន់ ក្វៀត បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា កម្ពុជា-វៀតណាម មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ ក្នុងរយៈពេលជិត៦០ឆ្នាំកន្លងមកនេះ ហើយលោកមានជំនឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។ ទន្ទឹមគ្នា លោក ត្រិញ វ៉ាន់ក្វៀត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយលោកជឿជាក់ថា កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាម។ សម្ដេចធិបតី ក៏បានរំលេចនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេលជិត៦០ឆ្នាំកន្លងមកនេះថា ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ការលំបាក និងបានជម្នះឧបសគ្គជាច្រើនរួមគ្នា។ ក្នុងន័យនេះ សម្តេចបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែង ត្រូវបន្តពូនជ្រំ និងពង្រីកឱ្យកាន់តែរីកចម្រើន តាមរយៈស្មារតីសាមគ្គីភាពរបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ៕



