សមត្ថកិច្ចកម្ពុជា សង្គ្រោះស្ត្រីខ្មែរជិត២០០នាក់ ក្រោយចាញ់បោកមេខ្យល់នាំទៅរៀបការនៅបរទេស
ហាក់ អ៊ីឌី
19 ម៉ោងមុន

រាជធានីភ្នំពេញ៖ គិតត្រឹម៦ខែដើមឆ្នាំ២០២៦ អាជ្ញាធរសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដោយបានជួយសង្គ្រោះស្ត្រីខ្មែរជិត២០០នាក់ជាបន្តបន្ទាប់ ពីការចាញ់បោកក្រុមមេខ្យល់ដែលបានល្បួងលោមនាំពួកនាង ឆ្លងដែនទៅរៀបការជាមួយបុរសជនបរទេសដោយខុសច្បាប់...។ 

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០កក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានផ្អាកដំណើរការស្ត្រីខ្មែរចំនួន១៩៨នាក់ មិនឱ្យចេញទៅរៀបការដោយខុសច្បាប់នៅក្រៅប្រទេស។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួររហូតរកឃើញថា អ្នកទាំងនោះ បានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ផ្សេងទៀត ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមី បញ្ជូនមកកម្ពុជាវិញផងដែរ។  

សូមជម្រាបថា ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ដ្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់ នៅបរទេសជាដើម៕ 

លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា  
លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត