អ្នករាយការណ៍ពិសេស UN មកកម្ពុជាឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស ចុះទៅតំបន់ព្រំដែនថៃឈ្លានពាន
អុន សម្ផស្ស
20 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានភាពសិទ្ធិមនុស្ស នឹងផ្តើមទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល១១ថ្ងៃ ឃ្លាំមើលស្ថានជម្លោះព្រំដែន ចុះទៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដោយផ្ទាល់...។ 

លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។  
លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។  

ក្រសួងព័ត៌មានកម្ពុជា រាយការណ៍កាលពីថ្ងៃទី១៩កក្កដា ដោយបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់ លោក ថម អេនឌ្រូ ធ្វើឡើងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក អេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធ​នឹងការ​ជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយ​សន្តិវិធី ព្រមទាំងសិទ្ធិ​របស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ ក្នុងពេលទស្សនកិច្ច អ្នករាយការណ៍ពិសេសរូបនេះ នឹងធ្វើទស្សនកិច្ច នៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

ជាមួយគ្នា តាមផែនការ លោក ថម អេនឌ្រូ នឹងជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពី​ការ​រំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ចំពោះរបាយការណ៍នៃដំណើរទស្សនកិច្ចនេះនឹងត្រូវបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅខែតុលា ឆ្នាំ២០២៦។ គួរជ្រាបថា លោក អេនឌ្រូ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តែងតាំងឱ្យក្លាយជាអ្នករាយការណ៍​ពិសេស​ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ សូមរំឭកថា កម្ពុជាតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្ស ជាបន្តបន្ទាប់តែងរាយការណ៍ពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយយោងតាមច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលបង្កឡើងដោយកងកម្លាំងយោធាថៃ។

ក្នុងនោះរួមមាន៖ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជា, ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗដែលបង្កការប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល, ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ, ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ បានដោយសុវត្ថិភាព ទោះបីជាបទឈប់បាញ់ត្រូវបានប្រកាសតាំងតែពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត