តើអាចទេ? ម៉ាឡេស៊ី បង្ហាញមហិច្ឆតាប៉ុនមេឃចង់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup
Mao Sopha
មួយថ្ងៃមុន

រាជធានីគូឡាំពួ៖ «ម៉ាឡេស៊ី សង្ឃឹមថា នៅថ្ងៃណាមួយ នឹងបានធ្វើជាម្ចាស់ផ្ទះរៀបចំ FIFA World Cup ដែលជាការប្រកួតកីឡាបាល់ទាត់ធំបំផុតលើពិភពលោក» នេះជាក្តីស្រមៃដ៏ធំបំផុតមួយ ដែលលោក អាម៉ាត់ ហ្សាហ៊ីត ហាមិឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទប្រទេសម៉ាឡេស៊ី បានប្រកាសឡើងជាចំហឱ្យប្រជាជនបានដឹងឮ។ ក្នុងចំណោមប្រទេសទាំង១១នៅអាស៊ាន ឬអាស៊ីអាគ្នេយ៍ តើម៉ាឡេស៊ី អាចនឹងក្លាយជាប្រទេសដំបូងគេដែលអាចរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោកនេះ ដូចបំណងប្រាថ្នាដែរទេ? 

កីឡាដ្ឋាន World Cup 2026
កីឡាដ្ឋាន World Cup 2026

មិនត្រឹងតែចង់ធ្វើជាម្ចាស់ផ្ទះឡើយ! លោក ហ្សាហ៊ីត ថែមទាំងមានក្តីរំពឹងដ៏ធំធេងទៀតថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី​ នឹងអាចក្លាយជាតំណាងអាស៊ានទាំងមូល ក្នុងការចូលរួមប្រកួត World Cup នៅថ្ងៃខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាប់ទៅប្រជាជនខ្លួនថា បំណងប្រាថ្នាធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup និងការចូលរួមប្រកួតកីឡាបាល់ទាត់លំដាប់ពិភពលោកមួយនេះ ក៏ជាព្រះបំណងរបស់ព្រះអល់ឡោះជាម្ចាស់ដែរ។ 

លោក ហ្សាហ៊ីត (លើកដៃស្តាំឡើងលើ និងពាក់នាឡិកាពណ៌ខ្មៅ)
លោក ហ្សាហ៊ីត (លើកដៃស្តាំឡើងលើ និងពាក់នាឡិកាពណ៌ខ្មៅ)

លោក ហ្សាហ៊ីត ប្រកាសយ៉ាងឱឡារិក និងគួរឱ្យចាប់អារម្មណ៍អំពីពីក្តីប្រាថ្នាដ៏ធំមហាសាលរបស់ជាតិ​បែបនេះ ក្នុងពេលដែលលោកចូលរួមទស្សនាតាមអេក្រង់អំពីការប្រកួត World Cup នៅវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងអេស្ប៉ាញ នៅយប់ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល អេស្ប៉ាញ ជាអ្នកលើកពាន ដោយយកឈ្នះអាហ្សង់ទីន១ទល់នឹងសូន្យ។ សម្រាប់ឆ្នាំ២០២៦នេះ សហម្ចាស់ផ្ទះរៀបចំការប្រកួត World Cup មានដល់៣ប្រទេស គឺសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក (ការប្រកួតវគ្គចុងក្រោយ ឬវគ្គផ្តាច់ព្រ័ត្រ គឺនៅរដ្ឋញូវជឺហ្ស៊ី សហរដ្ឋអាម៉េរិក)។ 

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ចូលរួមក្នុងពិធីលើកពាន World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយចប់ការប្រកួត។ 
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ចូលរួមក្នុងពិធីលើកពាន World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយចប់ការប្រកួត។ 

ទោះបីម៉ាឡេស៊ី មានមហិច្ឆតាធំប៉ុនមេឃក្តី តែមិនមែនអាចសម្រេចបានស្រួលៗនោះទេ ក្នុងការក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup  ដោយម៉ាឡេស៊ី ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឱ្យបានខ្លាំងលើវិស័យជាច្រើន និងអាចប្រើពេលយូរឆ្នាំទៀត។ លក្ខខណ្ឌ ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup គឺតឹងរ៉ឹងខ្លាំងណាស់ ដូចជា ត្រូវមានសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់ សេដ្ឋកិច្ចរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សណ្ឋាគារ អគារ ឬកន្លែងល្អៗសម្រាប់កីឡាករ និងភ្ញៀវស្នាក់នៅ។ល។ សូម្បីតែកាតា ជាប្រទេសមានបំផុតមួយក្នុងពិភពលោក ក៏លំបាកលំបិនខ្លាំងដែរ ទម្រាំអាចទទួលបានសិទ្ធិធ្វើជាម្ចាស់រៀបចំការប្រកួតបាល់ទាត់លំដាប់ពិភពលោកនេះ កាលពីឆ្នាំ២០២២។

ការប្រកួតរវាងអេស្ប៉ាញ (អាវក្រហម) និងអាហ្សង់ទីន
ការប្រកួតរវាងអេស្ប៉ាញ (អាវក្រហម) និងអាហ្សង់ទីន

ពេលទទួលបានសិទ្ធិហើយ កាតា នៅជួបឧបសគ្គរាប់មិនអស់ថែមទៀត។ នៅឆ្នាំ២០១០ កាតា ទទួលបានសិទ្ធិជាផ្លូវការ ហើយប្រើពេលអស់១២ឆ្នាំ ក្នុងការរៀបចំខ្លួន និងការរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់ការប្រកួត World Cup នៅឆ្នាំ២០២២។ កាតា បានចាប់ផ្តើមសាងសង់កីឡដ្ឋានខ្នាតយក្ស និងទំនើបៗដល់ទៅ៨ឯណោះ រួមទាំងហេដ្ឋាចនាសម្ព័ន្ធ និងសណ្ឋាគារជាច្រើន។ ថ្វីដ្បិតកាតា ទទួលបានកិត្តិយសធំធេងលើពិភពលោក​ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត World Cup តែទន្ទឹមគ្នា ក៏មានសោកនាដកម្មដ៏ធំធេងកើតឡើងដែរ គឺមានកម្មករបរទេសលើសពី៦ពាន់នាក់ បានបាត់បង់ជីវិតក្នុងការសាងសង់កីឡដ្ឋានខ្នាតយក្ស។  

កីឡដ្ឋានបាល់ទាត់នៅប្រទេសកាតា ពេលស្ថិតក្នុងដំណើរការសាងសង់។
កីឡដ្ឋានបាល់ទាត់នៅប្រទេសកាតា ពេលស្ថិតក្នុងដំណើរការសាងសង់។

សូមរម្លឹកថយក្រោយរៀងឆ្ងាយបន្តិចថា ក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់ ចាប់តាំងពីពានរង្វាន់ World Cup ឬការប្រកួត World Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៣០ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានប្រទេសណាមួយ ក្នុងចំណោមប្រទេសទាំង១១នៅអាស៊ាន ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នោះទេ។ ប៉ុន្តែ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានេះ មានតែឥណ្ឌូណេស៊ីមួយប៉ុណ្ណោះ ដែលធ្លាប់មានសមត្ថភាព និងឱកាសទៅចូលរួមប្រកួត World Cup ម្តង តាំងពីឆ្នាំ១៩៣៨ នៅប្រទេសបារាំង តែមិនបានលើកពានឡើយ។ តាមពិត មិនមែនតែក្នុងតំបន់អាស៊ានដែលមាន១១ប្រទេសនោះទេ! កាលពីជំនាន់នោះ គឺនៅទ្វីបអាស៊ីទាំងមូលតែម្តង ដែលមានជិត៥០ប្រទេស មានតែឥណ្ឌូណេស៊ីមួយគាត់ ដែលបានទៅចូលរួមប្រកួត World Cup នេះ ហើយចាប់តាំងពីពេលនោះមក គឺខកខានរហូតមកដល់បច្ចុប្បន្ន៕     

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ទៅប្រកួត World Cup ក្នុងឆ្នាំ១៩៣៨ នៅប្រទេសបារាំង។ 
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ទៅប្រកួត World Cup ក្នុងឆ្នាំ១៩៣៨ នៅប្រទេសបារាំង។ 
ប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត