
រដ្ឋធានីដាក្កា៖ គ្រោះទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បង្កឡើងដោយភ្លៀងមូសុងធ្លាក់ជោកជាំជាច្រើនថ្ងៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់៤៤នាក់ នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស និងធ្វើឱ្យប្រជាពលរដ្ឋជាង១លាននាក់ជាប់គាំង មិនអាចធ្វើដំណើរទៅណាបាន ខណៈកងទ័ពជើងគោក និងជើងទឹកកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែស ប្រកាសថា ជំនន់ទឹកភ្លៀងបានវាយប្រហារស្រុកចំនួន៧ ដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធទំនាក់ទំនង ដែលធ្វើឱ្យការចែករំលែកជំនួយជួបការលំបាកខ្លាំង។ ពលរដ្ឋជាច្រើនគ្រួសារកំពុងដាច់ស្បៀង និងរស់នៅក្នុងភាពងងឹតសូន្យឈឹង ដោយសារទឹកលិចផ្ទះ មិនអាចដុតចង្ក្រានដាំស្លបានឡើយ ដោយមានតែអាហារដូចអំបុក (Flattened rice) នំប៉ោងតូចៗធ្វើពីអង្ករ (Puffed rice) និងនំប៊ីស្គីត (Biscuits) សម្រាប់ទប់ទល់ការឃ្លានប៉ុណ្ណោះ។

ជាងនេះទៅទៀត ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាគ្រោះបាក់ដីនៅក្នុងជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បណ្ដាលឱ្យជនភៀសខ្លួនចំនួន១៦នាក់ (រួមមានស្ត្រី និងកុមារ) ស្លាប់បាត់បង់ជីវិតភ្លាមៗ។ បច្ចុប្បន្ន មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១លាននាក់ កំពុងស្នាក់នៅក្នុងរោងដោលបណ្តោះអាសន្នតាមចង្កេះភ្នំ ដែលជាទីតាំងងាយរងគ្រោះថ្នាក់បំផុតរាល់ពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យគ្រោះធម្មជាតិនៅបង់ក្លាដែស កាន់តែកាចសាហាវ និងមានទំហំបំផ្លិចបំផ្លាញធំជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ៕




