
រដ្ឋធានីប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន បានរាយការណ៍ថា មានពលរដ្ឋមិនទាន់ដឹងចំនួនច្បាស់លាស់ឡើយ បានរងការកប់នៅក្រោមគំនរដី និងថ្ម បន្ទាប់ពីគ្រោះមហន្តរាយបំណាក់ដីបានវាយប្រហារលើស្រុកផេងស៊ុយ (Pengshui) នៃទីក្រុងឆុងឈីង ភាគនិរតីនៃប្រទេសចិន កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដានេះ បានបណ្ដាលឱ្យផ្ទះសម្បែងជាច្រើនខ្នងនៅរងផ្លូវភ្នំបាក់រលំខ្ទេចខ្ទី។

បើតាមការបញ្ជាក់បឋមពីទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក (ម៉ោងក្នុងស្រុក) មន្ត្រីសហគមន៍ម្នាក់បានមើលឃើញថ្មភ្នំ ចាប់ផ្តើមធ្លាក់រាយប៉ាយ ក៏បានប្រកាសអាសន្នភ្លាមៗ ដោយអាជ្ញាធរបានបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋជាង៦០នាក់ជាបន្ទាន់។ ទោះជាយ៉ាងណា ជារឿងអកុសល នៅម៉ោង៩ៈ០៨នាទីព្រឹក ចំពេលពលរដ្ឋកំពុងរត់ភៀសខ្លួន ដីភ្នំស្រុតបាក់ចុះមកយ៉ាងគំហុករហូតកប់មនុស្សមួយចំនួនតែម្ដង។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ិនហួ (Xinhua) បានឱ្យដឹងថា គិតត្រឹមពេលនេះ ក្រុមសង្គ្រោះបានទាញអ្នករងគ្រោះចំនួន៩នាក់ចេញពីគំនរបាក់បែកជាស្ថាពរហើយ ដោយមិនមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតនោះទេ ខណៈចំនួនអ្នកជាប់គាំងជាក់ស្តែង កំពុងបន្តធ្វើការផ្ទៀងផ្ទាត់នៅឡើយ។ រូបភាពវីដេអូបង្ហោះលើបណ្តាញសង្គម X និងទិដ្ឋភាពពីលើអាកាសរបស់ CCTV បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពដីខ្សាច់ និងផ្ទាំងថ្មធំៗ បាក់ធ្លាក់សង្កត់លើបណ្តុំផ្ទះសម្បែងពលរដ្ឋនៅជាប់មាត់ទន្លេ បង្កើតជាផ្សែងដីហុយទ្រលោម ខណៈរថយន្ត និងម៉ូតូដែលកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបង្ខំចិត្តឈប់ជាបន្ទាន់ ដោយសារកម្ទេចកម្ទីហោះកាត់ផ្លូវ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រសួងគ្រប់គ្រងស្ថានភាពអាសន្នរបស់ប្រទេសចិន បានប្រកាសដាក់ចេញនូវវិធានការឆ្លើយតបអាសន្នកម្រិតទីពីរ ដោយបានបញ្ជូនក្រុមអ្នកជំនាញសង្គ្រោះបន្ទាន់ចំនួន១០០នាក់ ព្រមទាំងកម្លាំងពន្លត់អគ្គិភ័យ និងកងសង្គ្រោះចំនួន២០៦នាក់ រួមទាំងរថយន្តជំនាញចំនួន៤៩គ្រឿង ទៅកាន់ទីតាំងកើតហេតុជាប្រញាប់ ដើម្បីដុតដៃដុតជើងស្វែងរកអ្នករស់រានមានជីវិត ដែលមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលនាំឱ្យបាក់ដីភ្នំនេះនៅឡើយទេ៕


