
រដ្ឋធានីប៉េកាំង៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃសុក្រទី១៧ ខែកក្កដា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល ថ្លើមធំហ៊ានលើកឡើង និងសួរនាំពីគ្រឿងយុទ្ធោបករណ៍យោធា ជាពិសេសគឺរថក្រោះ ដែលចិនផ្គត់ផ្គង់មកឱ្យប្រទេសកម្ពុជានាពេលកន្លងមក។ ជាការឆ្លើយតប ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ថា គ្រឿងបរិក្ខារយោធាទាំងនោះ នឹងមិនត្រូវបានប្រើប្រាស់ដើម្បីបង្កគ្រោះថ្នាក់ដល់ប្រទេសថៃឡើយ។

ក្រៅពីលោក ស៊ី ជីនពីង មន្រ្តីចិន បានពន្យល់យ៉ាងច្បាស់ទៅភាគីថៃថា ការទិញ-លក់រថក្រោះរវាងចិន និងកម្ពុជា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មយោធាស្របច្បាប់ ដែលបានធ្វើឡើងតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីមុនពេលមានភាពតានតឹងរវាងកម្ពុជា-ថៃទៅទៀត។ លើសពីនេះ ភាគីចិនថែមទាំងបានបង្ហាញការយោគយល់ ដោយបានពន្យារពេលបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះអស់មួយរយៈ អំឡុងពេលមានជម្លោះ ដើម្បីជៀសវាងការប៉ះទង្គិចទំនាក់ទំនងរវាងចិន និងថៃ។ ការដែលថៃព្យាយាមលូកដៃ ឬបង្ហាញការមិនពេញចិត្តចំពោះការបំពាក់អាវុធការពារជាតិរបស់កម្ពុជា ហាក់ដូចជាការបង្ហាញចរិតចង់គ្រប់គ្រង ឬរឹតត្បិតសិទ្ធិស្វ័យការពាររបស់ប្រទេសជិតខាង ទាំងដែលប្រទេសថៃមានសព្វាវុធទំនើបៗ ធុនធ្ងន់ និងបានបើកការឈ្លានពានកម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត។ ការចុះកិច្ចព្រមព្រៀងពាណិច្ចកម្ម ឬការលក់-ទិញអ្វីមួយរវាងកម្ពុជា-ចិន គឺជាសិទ្ធិសេរីភាពរបស់ប្រទេសទាំងពីរដែលជាមិត្តជិតស្និទ្ធនឹងគ្នា តែបែរជាថៃហ៊ានសួរនាំបែបនេះ។ រឿងស្រួលយល់សោះ តែថៃបែរជាមិនយល់ ហើយត្រូវមកឱ្យចិនពន្យល់ទៅវិញ ពិសេសត្រង់ពាក្យថា «កម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មយោធាស្របច្បាប់តាំងពីយូរណាស់មកហើយ»។ ចុងក្រោយ មេដឹកនាំថៃត្រូវស្ពឹកមុខ។

មិនបណ្តោយឱ្យថៃបន្តបង្ហាញការសង្ស័យខុសទំនងបែបនេះ លោក ស៊ី ជីនពីង បង្ហាញពីបំណងរបស់ចិនដូចលើកមុនៗ ក្នុងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីស្តារទំនាក់ទំនងល្អឡើងវិញ និងស្វែងរកដំណោះស្រាយដែលទទួលយកបានទាំងសងខាង។ មិនតែប៉ុណ្ណោះ ភាគីចិន បានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជំនួសប្រទេសថៃថែមទៀតផង។ ចិនបង្កើតវិធានការនេះឡើង ដើម្បីកុំឱ្យរដ្ឋសមាជិកដទៃទៀត ជាពិសេសគឺកម្ពុជា ធ្លាក់ក្នុងស្ថានភាពព្រួយបារម្ភ និងពិបាកចិត្ត ដោយសារតែជំហរតឹងតែងរបស់ភាគីថៃ៕



