
រដ្ឋធានីម៉ានីឡា៖ ក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា បានប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមអត្តពលិកបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ SEA V-CUP លើកទី៦ នាល្ងាចថ្ងៃអាទិត្យទី១៩កក្កដានេះ ដោយបានយកឈ្នះក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Candon City Arena ប្រទេសហ្វីលីពីន...។

ក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា លេងបានយ៉ាងល្អនៅសិតទី១ ដោយបានយកឈ្នះលើក្រុមឥណ្ឌូណេស៊ី ២៥ទល់២៣ និងបន្តឈ្នះនៅសិតទី២ ក្នុងលទ្ធផល២៨ទល់២៦បន្ថែមទៀត។ ប៉ុន្តែចូលដល់សិតទី៣ ក្រុមទាំងពីរបានដាក់ការគាបសង្កត់គ្នាទៅវិញទៅមកដោយពិន្ទុប្រដេញគ្នាជាបន្តបន្ទាប់ តែក្រុមបាល់ទះជម្រើសជាតិកម្ពុជា រងបរាជ័យវិញដោយលទ្ធផល ២៣សិតទល់២៥ ខណៈសិតទី៤កាន់តែតានតឹងបន្ថែមទៀត ដោយក្រុមអត្តពលិកបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ព្យាយាមវាយបកខ្លាំងៗ ដើម្បីតាមស្មើក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដោយបានយកឈ្នះក្នុងលទ្ធផល ២៥ទល់នឹង២២ ធ្វើឱ្យក្រុមទាំងពីរឈ្នះម្ខាងពីរសិតដូចគ្នា។

ទីបំផុត សិតកាត់សេចក្តីដណ្តើមជើងឯកពានរង្វាន់ SEA V-CUP លើកទី៦ ត្រូវបានចាប់ផ្តើមឡើង ទាំងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី បានប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញបំផុត ដោយក្រុមបាល់ទះជម្រើសជាតិកម្ពុជា នាំមុខក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី រហូតដល់ទទួលបានជ័យជម្នះ ១៥ទល់១១ តែម្ដង។ នេះជាប្រវត្តិសាស្ត្រសម្រាប់ក្រុមបាល់ទះកម្ពុជា ដែលអាចដណ្តើមបានពានជើងឯក SEA V-CUP លើកទី៦ ក៏ដូចជាបំបែកកំណត់ត្រាមិនដែលឈ្នះក្រុមខ្លាំងឥណ្ឌូណេស៊ីបានហើយ៕






