
រាជធានីកូឡាឡាំពួរ៖ សម្រាប់ការប្រកួតជើងឯកបាល់ទាត់នារី ពានរង្វាន់ AFF Women's Cup 2026 នៅប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិនារីកម្ពុជា បានអស់ឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិនារីឡាវ ក្នុងលទ្ធផល ០-១។

បើកឆាកប្រកួតភ្លាម ក្រុមជម្រើសជាតិនារីឡាវ បានបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិនារីកម្ពុជា នៅនាទី០១ ស្ទើរមិនគួរឱ្យជឿ បន្ទាប់ពីការប្រកួតចាប់ផ្តើមមិនបានមួយដង្ហើមចង្រិតផង។ យ៉ាងណា បន្ទាប់ពីក្រុមបាល់ទាត់នារីឡាវ ស៊ុតបាល់បញ្ចូលទីនាំមុខកម្ពុជាភ្លាម កីឡាការិនីឡាវទាំងអស់ បានប្រើក្បួនលេងចុះទប់ទាំង១១នាក់ ធ្វើក្រុមជម្រើសជាតិនារីកម្ពុជា មិនអាចស៊ុតបំប៉ោងសំណាញ់ក្រុមឡាវ សងវិញបានឡើយ។ នៅទីបំផុត ចប់ការប្រកួត៩០នាទី ក្រុមជម្រើសជាតិនារីកម្ពុជា ធ្លាក់ពីវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Women's Cup 2026 នេះហើយ ប៉ុន្តែនៅសល់ឱកាសប្រកួតដណ្តើមយកមេដាយសំរឹទ្ធមួយប្រកួតទៀត ដើម្បីទទួលបានកៅអីឡើងទៅលេងពានរង្វាន់ជើងឯកបាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន AFF Women’s Championship នៅឆ្នាំ២០២៧៕



