ពលរដ្ឋក្រុងសិរីសោភ័ណ សំណូមពរអាជ្ញាធរពង្រឹងការល្បាត ក្រោយមានករណីកា.ប់.ប្ល.ន់ម៉ូតូកូនសិស្សលោក


ក្រុងសិរីសោភ័ណ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងទាំងកណ្ដាលអាធ្រាត្រ ដោយមានករណីប៉ុនប៉ងកាប់ប្លន់យកម៉ូតូពីកូនសិស្សលោកមួយកន្លែង ប៉ុន្តែសំណាងល្អក្រុមជនសង្ស័យធ្វើសកម្មភាពមិនបានសម្រេច...។

ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ កើតឡើងនៅយប់ថ្ងៃទី១៨កក្កដា ឆ្នាំ២០២៦ ម្ដុំផ្លូវលេខ ៤ ក្បែរសាលាសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមការបញ្ជាក់របស់ព្រះភិក្ខុសង្ឃព្រះនាម «អ្នកតាភ្នំ» បានឱ្យដឹងថា មុនពេលកើតហេតុ មានករណីក្រុមក្មេងទំនើង ឬក្រុមជនសង្ស័យ ធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីកូនសិស្សរបស់ព្រះអង្គ ក្នុងគោលបំណងប្លន់យកម៉ូតូម៉ាក ហុងដា ឌ្រីម (Honda Dream) ពណ៌ខ្មៅមួយគ្រឿង។ ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានរងរបួសដាច់រលាត់ខ្នង បន្ទាប់ពីរងការកាប់ពីក្រុមជនល្មើស ប៉ុន្តែសំណាងល្អ ជនរងគ្រោះអាចគេចផុតពីការកាប់សម្លាប់នោះ។

យ៉ាងណា សកម្មភាពកាប់ប្លន់នេះ ត្រូវបរាជ័យ ហើយភ្លាមៗក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ចុះមកជួយអន្តរាគមន៍ និងចោមរោមមើលជនរងគ្រោះទាំងក្ដីបារម្ភ។ បច្ចុប្បន្ន ព័ត៌មានលម្អិតជុំវិញអត្តសញ្ញាណរបស់ក្រុមជនសង្ស័យ កំពុងស្ថិតក្រោមការតាមដាន។ ប្រជាពលរដ្ឋនៅក្នុងតំបន់ បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសន្តិសុខសង្គម ពិសេសលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហាក់មានការធ្លាក់ចុះនៃការចុះត្រួតពិនិត្យល្បាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាហេតុធ្វើឱ្យក្រុមក្មេងទំនើង, ក្រុមចោរកម្ម ធ្វើសកម្មភាពជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ បានសំណូមពរទៅដល់សមត្ថកិច្ចមូលដ្ឋាន មេត្តាជួយធ្វើការស្រាវជ្រាវ និងវែកមុខរកក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពេលយប់ព្រលប់៕
រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត