ដំណឹងល្អ! ក្រុមហ៊ុនចិន គ្រោងបោះទុន១ពាន់លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តតាកែវ
S
Soriya Sou
14 ម៉ោងមុន

ក្រុងដូនកែវ៖ ដោយសារសម្លឹងឃើញសក្ដានុពល ក្រុមហ៊ុនចិន មានអាយុកាលជាង២០ឆ្នាំ គ្រោងបណ្ដាក់ទុនវិនិយោគប្រមាណ១ពាន់លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេស គ្រឿងបង្គុំអគ្គិសនីនៅខេត្តតាកែវ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ...។

លោក វ៉ី សំណាង បានបញ្ជាក់កាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០២៦ នៅឯរដ្ឋបាលខេត្តតាកែវ ថា លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន៣៥ ដឹកនាំដោយលោក ហ័ង ឆេងអាន (HUANG CHENG AN) ប្រធានសមាគមសហគ្រាសខ្នាតមធ្យម និងជាអគ្គនាយកក្រុមហ៊ុន Aozhan Industrial Co., Ltd. ប្រចាំខេត្តចឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គ្រឿងបង្គុំអគ្គិសនី ក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមទុនវិនិយោគប្រមាណ១ពាន់លានដុល្លារអាម៉េរិក

ក្រុមហ៊ុន Aozhan Industrial Co., Ltd. ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៥ មានទីស្នាក់ការកណ្តាលនៅទីក្រុងហ័ងចូវ (Hangzhou) ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍ ផលិតកម្ម ការលក់ និងសេវាកម្មនៅក្នុងសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់លំដាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកអភិបាលខេត្តតាកែវ។ នេះជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តតាកែវ និងបណ្តាខេត្តជាប់ព្រំប្រទល់ដែន ប្រសិនបើគម្រោងនេះត្រូវបានអ្នកវិនិយោគសម្រេចបណ្ដាក់ទុនមែននោះ វាអាចបង្កើតឱកាសការងារបានជាច្រើនកន្លែង។ សូមជម្រាបថា លោក វ៉ី សំណាង តែងដឹកនាំប្រតិភូអញ្ជើញទៅទាក់ទាញអ្នកវិនិយោគនៅចិន ជាញឹកញាប់ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទាក់ទាញការវិនិយោគមកកាន់ទឹកដីខេត្តតាកែវ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគចំនួន៣២ ជាប់លេខរៀងទី៤ ក្នុងចំណោមខេត្ត-ក្រុង ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ បន្ទាប់ពីខេត្តកំពង់ស្ពឺ កណ្ដាល និងស្វាយរៀង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត