
សុខភាព៖ ថ្គាមទាល់ ឬថ្គាមធំទី៣ ជាធ្មេញដុះចេញក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ ឬអាចយូរជាងនេះ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២។ ជាញឹកញាប់ឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ...។

ការវះកាត់ថ្គាមទាល់ ធ្វើឡើងក្នុងករណីដូចជា៖ ១.ធ្មេញថ្គាមទាល់ ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក, ២.ការរលាកអញ្ចាញ ឬហើមសាច់ ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់, ៣.មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់ កែរតម្រូវឆ្អឹងថ្គាមទាល់, ៤.ធ្មេញថ្គាមទាល់ដែលពុកផុយ មិនអាចប៉ះបាន, ៥.ធ្មេញថ្គាមទាល់ ដែលបង្ករោគនៅចុងរឹសធ្មេញ, ៦.ធ្មេញថ្គាមទាល់ ដែលធ្វើឱ្យថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញ ដែលមានជម្រៅលើសពី៥ម.ម, ៧.ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ។

លើសពីនេះ មុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួន រួមមាន៖ មុនពេលវះកាត់ផ្លាស់ប្ដូរសរីរាង្គ, មុនពេលបាញ់កាំរស្មី ដើម្បីព្យាបាលជំងឺមហារីកតំបន់-ក និងក្បាល, មុនពេលការព្យាបាលដោយថ្នាំ Biphosphonate, មុនពេលព្យាបាលដោយថ្នាំគីមី។ដើម្បីទទួលបានការវះកាត់ថ្គាមទាល់ឱ្យមានសុវត្ថិភាព ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យមុនវះកាត់។ ក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង គ្រូពេទ្យអាចធ្វើការដាក់ថ្នាំសណ្តំមុនពេលវះកាត់ ដោយការវះកាត់អាចយកធ្មេញថ្គាមទាល់ចេញទាំង៤ ក្នុងពេលវះកាត់តែមួយលើក។

ក្រោយការវះកាត់ថ្គាមទាល់ អាចមានផលវិបាកមួយចំនួនដូចជា៖ រលាកឆ្អឹង ហូរឈាម ការបង្ករោគ ភាពជាំលើសាច់ថ្ពាល់ ការបែកបាក់ឆ្អឹងថ្គាម ស្ពឹកតំបន់វះកាត់ និងបបូរមាត់។ តែទោះជាយ៉ាងណា ផលវិបាកទាំងនេះ មានតិចតួចប៉ុណ្ណោះ លោកអ្នកអាចចៀសវាង និងការពារបាន បើការព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ៕
ដកស្រង់ចេញពីផេក៖ មន្ទីរពេទ្យកាល់ម៉ែត



