លោក ខូវ ឆាយ៖ សកម្មភាពច្រឡោងខាមរបស់កីឡាករថៃ ទុកឱ្យបរទេសជាអ្នកវាយតម្លៃ តែភាពជោគជ័យនៃព្រឹត្តិការណ៍គុនខ្មែរនៅអូស្ត្រាលី មានផ្លែផ្កាធំៗចំនួន៣បន្ថែម

រាជធានីភ្នំពេញ៖ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរប្រចាំប្រទេសកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ លោក ខូវ ឆាយ បានបង្ហាញចំណុចផ្លែផ្កាចំនួន៣ធំៗ បន្ទាប់ពីការរៀបចំព្រឹត្តិការប្រដាល់គុនខ្មែរអន្តរជាតិនៅប្រទេសអូស្ត្រាលី ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់បំផុត...។ 

លោក ខូវ ឆាយ បានឱ្យដឹងយ៉ាងដូច្នេះថា៖«ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា Cambodia Kun Khmer Best Of The Best កាលពីរាត្រីថ្ងៃសុក្រទី១៧កក្កដា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចេះត្រចង់ និងបានបង្ហាញពីសក្តានុពលដ៏អស្ចារ្យរបស់គុនខ្មែរ ទាំងលើផ្នែកបច្ចេកទេស ការគាំទ្រពីមហាជន និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ»។ ជាមួយគ្នាផងដែរ លោកបង្ហាញពីចំណុចវិជ្ជមានចំនួន៣ ដែលសហព័ន្ធប្រដាល់គុនខ្មែរសម្រេចបាន រួមមាន៖

ទី១.ការគាំទ្រពីទស្សនិកជនជាតិ-អន្តរជាតិ៖ ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែររស់នៅទីក្រុងស៊ីដនី ក៏ដូចជាទស្សនិកជនអន្តរជាតិចម្រុះជាតិសាសន៍។ មតិជាច្រើនបានកោតសរសើរថា គុនខ្មែរ ពិតជាអស្ចារ្យ ហើយកីឡាករខ្មែរបានបង្ហាញនូវថាមពល ភាពក្លាហាន វិន័យ និងឆន្ទៈមោះមុត ដែលបានធ្វើឱ្យអ្នកទស្សនាជក់ចិត្ត រន្ធត់ រំភើប រីករាយ និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះគុនខ្មែរ។ ទី២៖លើកស្ទួយកិត្យានុភាពជាតិ៖ អ្វីដែលគួរឱ្យមានមោទនភាពជាងលទ្ធផលប្រកួតនោះ គឺការដែលក្រុមគុនខ្មែរបានបង្ហាញនូវភាពថ្លៃថ្នូរ ភាពចាស់ទុំ វិន័យវិជ្ជាជីវៈ ការគោរពបទបញ្ជាប្រកួត និងច្បាប់អន្តរជាតិ ព្រមទាំងការប្រកួតប្រជែងដោយស្មារតីកីឡា។

លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែររូបនេះ បានសង្កត់ធ្ងន់បន្ថែមថា ទាំងនេះ បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃប្រជាជាតិខ្មែរ ដែលផ្តល់តម្លៃដល់ការគោរពគ្នាទៅវិញទៅមក សន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអន្តរជាតិ។ ផ្ទុយពីជាតិសាសន៍លេខ២ [កីឡាករថៃ] ដែលមិនបានគោរពលក្ខខណ្ឌប្រកួត បង្ហាញអាកប្បកិរិយាមារយាទមិនសមរម្យ ការរំខានដល់ដំណើរការកម្មវិធី និងការប្រព្រឹត្តអំពើហិង្សាលើអ្នកចូលរួម ដែលជាទង្វើមិនស្របនឹងស្មារតីកីឡា និងខុសច្បាប់។ មហាជនគាំទ្រកីឡាប្រយុទ្ធជាតិ និងអន្តរជាតិ បានមើលឃើញច្បាស់ពីទង្វើថោកទាបរបស់ជាតិសាសន៍នោះហើយ ទុកឱ្យគេវាយតម្លៃតាមទិដ្ឋភាពនោះចុះ។

ទី៣.ការពង្រីកវិសាលភាពគុនខ្មែរលើឆាកអន្តរជាតិ៖ បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យ ក្លឹបគុនខ្មែរចំនួន៣ (២ក្លឹបនៅមែលប៊ន ១ក្លឹបនៅស៊ីដនី) នឹងត្រៀមបង្កើតឡើង ដើម្បីផ្តល់ជាមជ្ឈមណ្ឌលហ្វឹកហាត់ និងបណ្ដុះបណ្ដាលកូនចៅខ្មែររស់នៅប្រទេសអូស្ត្រាលី និងជនជាតិអូស្ត្រាលីផងដែរ ដើម្បីបានសិក្សាស្វែងយល់ និងហ្វឹកហាត់គុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណដ៏ចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ ក៏បានទំនាក់ទំនង និងមានការគាំទ្រពីអាជ្ញាធរកីឡាអូស្ត្រាលី ក្នុងការរៀបចំបង្កើត សហព័ន្ធគុនខ្មែរប្រចាំប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ។ លោក ខូច ឆាយ បន្តថា គុនខ្មែរ មិនត្រឹមតែឈ្នះនៅលើសង្វៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈ្នះការគោរព ការទទួលស្គាល់ និងមិត្តភាពពីសហគមន៍អន្តរជាតិផងដែរ។

សូមជម្រាបថា កីឡាករ-កីឡាការិនីគុនខ្មែររបស់ប្រទេសកម្ពុជា ចំនួន៦រូប បានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ Cambodia Kun Khmer Best Of The Best នៅទីក្រុងស៊ីដ ប្រទេសអូស្ត្រាលី ជាមួយបណ្តាអត្តពលិកគុនខ្មែរអូស្ត្រាលីម្ចាស់ផ្ទះ ក្នុងនោះ កីឡាករ គឹម វាសនា ប្រកួតចាញ់ កីឡាករ ជីមមី ហ្វស្ទ័រ នៅទឹកទី៤, កីឡាការិនី ទូច ចាន់វត្តី ប្រកួតចាញ់ពិន្ទុ កីឡាការិនី ហ្វ្លើ វ៉ារូ ប៉ុន្តែឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ (KIF) ដោយសារកីឡាការិនី ហ្វ្លើ វ៉ារូ ធ្វើគីឡូមិនត្រូវតាមការកំណត់។ កីឡាករ ពេជ្រ អាទិទេព ឈ្នះ កីឡាករ អាលី ណាហ្សារី នៅទឹកទី១ បន្ទាប់ពីដាល់ចំពេញផ្ទៃមុខមួយដៃ ធ្វើឱ្យ កីឡាករ អាលី ណាហ្សារី មិនអាចបន្តការប្រកួតទៀតបាន។

កីឡាករ ប៊ឺត សង្ឃឹម ឈ្នះពិន្ទុ កីឡាករ សូឡៃម៉ាន់ ហាសេមី ការពារខ្សែក្រវាត់របស់ខ្លួនបានជាថ្មី និងគូឯកប្រចាំព្រឹត្តិការណ៍ កីឡាករ ពេជ្រ សម្បត្តិ ផ្តួលកីឡាករថៃ វាយតំណាងអូស្ត្រាលី ជុនឡាគិត ឆុមប្រាម នៅទឹកទី២ ការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេចផងដែរ។ ចំណែក កីឡាករ ឡុង សំណាង មិនបានប្រកួតឡើយ ព្រោះតែដៃគូប្រកួត គឺកីឡាករ សុងរ៉ ផេតយិនឌី ធ្វើគីឡូមិនបានតាមការកំណត់ និងបង្កភាពរញ៉េរញ៉ៃពេញសង្វៀន ធ្វើឱ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រាវ រវាងភាគីអ្នកគាំទ្រគុនខ្មែរនៅអូស្ត្រាលី និងក្រុមការងាររបស់កីឡាកររូបនោះ..៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត