ឈ្នះឡាវរសៀលនេះ ក្រុមបាល់ទាត់នារីកម្ពុជានឹងឡើងទៅអង្គុយចាំជួប ក្រុមឥណ្ឌូណេស៊ី ឬសិង្ហបុរីនៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Women’s Cup 2026
អាន ប៊ុនរ័ត្ននៈ
មួយថ្ងៃមុន

រាជធានីគូឡាឡាំពួរ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិនារីឡាវ ដណ្តើមយកកៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Women’s Cup 2026 ដែលរៀបចំឡើងនៅប្រទេស​ម៉ាឡេស៊ី...។ 

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ធ្វើបានយ៉ាងល្អនៅវគ្គសន្សំពិន្ទុក្នុងពូលB ដោយឈរលើកំពូលតារាង មាន៤ពិន្ទុស្មើជាមួយក្រុមឥណ្ឌូណេស៊ី បន្ទាប់ពីលេង២ប្រកួត ឈ្នះមួយ ស្មើមួយ ពោលគឺឈ្នះក្រុមទីម័រខាងកើត ៣-១ និងស្មើក្រុមឥណ្ឌូណេស៊ី ១-១ នៅកីឡដ្ឋាន Kuala Lampur Football។ នៅវេលាម៉ោង៣:៤៥នាទីរសៀលថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីឡាវ ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមបាល់ទាត់ជម្រើសជាតិនារីឡាវ ក៏ធ្វើបានល្អផងដែរ ក្នុងពូលA ដោយពីរប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីឡាវ មិនទាន់ស្គាល់ពាក្យបរាជ័យនៅឡើយទេ ពោលគឺ២ប្រកួតស្មើទាំងពីរតែម្ដង។

នៅថ្ងៃជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌូណេស៊ី ក៏នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីសិង្ហបុរី ដើម្បីប្រជែងកៅអីវគ្គទៅផ្តាច់ព្រ័ត្រដូចគ្នា។ ក្រុមដែលឈ្នះរវាងឥណ្ឌូណេស៊ី និងសិង្ហបុរី នឹងត្រូវឡើងទៅជួបក្រុមឈ្នះរវាងកម្ពុជា និងឡាវ នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានជើងឯក AFF Women’s Cup 2026 ខណៈក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ធ្លាប់បានត្រឹមជើងឯករងកាលពីរដូវកាលទី១ ឆ្នាំ២០២៤ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-១ នៅឯប្រទេសឡាវ។ សម្រាប់ការប្រកួតដណ្តើមពានជើងឯក AFF Women’s Cup 2026 នេះដែរ ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ នឹងទទួលបានកៅអីឡើងទៅលេងពានរង្វាន់ជើងឯកបាល់ទាត់នារី​កម្រិត​ទី១​ ប្រចាំ​តំបន់​អាស៊ាន AFF Women’s Championship នៅឆ្នាំ២០២៧ ផងដែរ។

តើក្រុមបាល់ទាត់នារីកម្ពុជា អាចសាងប្រវត្តិសាស្ត្រថ្មីឱ្យក្រុមជម្រើសជាតិនារីបានទេ នារសៀលនេះ? ដូច្នេះ សូមបងប្អូនកុំភ្លេចតាមដានទស្សនាការប្រកួត និងផ្តល់កម្លាំងចិត្តដល់ក្រុមអត្តពលិកបុរស-នារីកម្ពុជាយើងទាំងពីរក្រុម ដែលមានទាំងក្រុមបាល់ទាត់នារី និងក្រុមបាល់ទះបុរស​ ធ្វើការប្រកួតប្រជែងដណ្តើមយកពានជើងឯក SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន និងការដណ្តើមកៅអីរបស់ក្រុមបាល់ទាត់នារីយើង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសម៉ាឡេស៊ី...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត