
រាជធានីបាងកក៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហសក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) បានប្រើឧបាយកលពុតត្បុតធ្វើខ្លួនជាជនរងគ្រោះ ប្រាប់ឱ្យសារព័ត៌មានថៃខ្លួនឯងជួយបំពងសំឡេង ថា ការចរចាដោយផ្ទាល់ទ្វេភាគី[កម្ពុជា-ថៃ] គឺជាជំហានដ៏សំខាន់បំផុត ដែលត្រូវធ្វើឡើងជាមុនសិន មុនឈានទៅប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ UNCLOS ឬតុលាការអន្តរជាតិណាមួយ។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសថៃរូបនេះ បែរធ្វើជាភ្លេចរឿងរាជរដ្ឋាភិបាលខ្លួន ហែក MoU ៤៤ ជាឯកតោភាគី ហើយគ្មានផ្តល់ដំណឹងមកកម្ពុជាមួយមាត់ ទើបកម្ពុជាត្រូវបង្ខំចិត្តជ្រើសយកយន្តការផ្សះផ្សារដោយចាប់បង្ខំនេះ ដោះស្រាយវិវាទ...។(Sic)

លោក សីហសក្តិ បានសម្ដែងធ្វើជាព្រួយបារម្ភម្ដងហើយម្ដងទៀត ថា ការដែលកម្ពុជាបន្តរុញបញ្ហាព្រំដែនទៅដោះស្រាយតាមយន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (UNCLOS) ដោយមិនព្រមចរចាទ្វេភាគីឱ្យអស់លទ្ធភាពជាមុននោះ គឺជាការបិទទ្វារចរចាលើបញ្ហាព្រំដែនគោក និងធ្វើឱ្យកិច្ចសន្ទនារវាងប្រទេសទាំង២ កាន់តែមានភាពស្មុគស្មាញ និងស៊ាំញ៉ាំ។ ប្រមុខការទូតថៃដ៏ក្រឡិចក្រឡុចរកលេខដាក់គ្មានរូបនេះ បាននិយាយដដែលៗឡើងទ្រលាន់ត្រចៀក ថា ផ្អែកលើស្មារតីនៃជំនួបមេដឹកនាំទាំង២ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីនកន្លងមក ថៃបានស្នើឱ្យប្រើប្រាស់កិច្ចចរចាទ្វេភាគីលើគ្រប់បញ្ហាទាំងអស់ ដើម្បីបង្កើតទំនុកចិត្តរវាងគ្នានិងគ្នា។

«តាមគោលការណ៍ កិច្ចចចាររវាងភាគីទាំង២ គួរតែប្រព្រឹត្តទៅជាមុនសិន។ លុះត្រាតែចរចាមិនត្រូវរ៉ូវគ្នា ឬមិនអាចឈានដល់កិច្ចព្រមព្រៀងបាន ទើបគេយកយន្តការផ្សេងទៀតមកប្រើប្រាស់ ដូចជាការសម្រុះសម្រួលដោយស្ម័គ្រចិត្តក្រោម UNCLOS ជាដើម» នេះជាសម្តីពោរពេញទៅដោយល្បិចកិច្ចកលរបស់រដ្ឋមន្រ្តីការបរទេសថៃ ដែលប្រៀបបាននឹងមនុស្សវង្វេងស្មារតី ដ្បិតអី ថៃទើបតែហែក MoU ៤៤ ជាឯកតោភាគីថ្មីៗនេះសោះ បែរជាឆាប់ភ្លេចលឿនដល់ថ្នាក់ហ្នឹងទៅវិញ...? បន្ថែមលើនេះ លោក សីហសក្តិ បន្តខ្ជាក់វោហាសាស្ត្រឧបាយរបស់ខ្លួនថា ដោយសារភាគីកម្ពុជាមិនទាន់បន្តការចរចាទ្វេភាគីដោយផ្ទាល់ លើបញ្ហាព្រំដែនទឹក ហើយបែរជាបន្តនីតិវិធី UNCLOS នោះ វាបានធ្វើឱ្យកិច្ចពិភាក្សាលើខ្សែបន្ទាត់ព្រំដែនគោក ជួបភាពទាល់ច្រក និងលំបាកក្នុងការជឿជាក់គ្នាទៅមុខ។(Sic)

ដោយឡែក ពាក់ព័ន្ធនឹងតួនាទីរបស់រដ្ឋធានីប៉េកាំង លោក សីហសក្តិ សម្ដែងធ្វើជាកោតសរសើរយកចិត្តចិន ក្រោយរដ្ឋធានីប៉េកាំងបញ្ជាក់ពីការចង់ធ្វើជាអ្នកសម្រុះសម្រួល ប៉ុន្តែលោកក៏នៅតែប្រកាន់ជំហរឹងត្អឹងរបស់រាជរដ្ឋាភិបាលថៃដដែល ដោយលើកឡើងថា កិច្ចការព្រំដែន គឺជាបញ្ហាផ្ទៃក្នុងរវាងថៃ និងកម្ពុជា ដែលប្រទេសទាំង២ ត្រូវតែអង្គុយចរចាជាមួយគ្នាដោយផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញការរំពងសំឡេងក្តែងៗរបស់រដ្ឋមន្ត្រីការបរទេសថៃ តាមរយៈសារព័ត៌មានរបស់ខ្លួននេះ ត្រូវបានគេមើលឃើញថា ថៃកាន់តែភ័យព្រួយចំពោះការជ្រើសយកយន្តការផ្សះផ្សារដោយចាប់បង្ខំ UNCLOS របស់ភាគីកម្ពុជា ដែលថៃខ្លួនឯងយល់ថា អាចនឹងចាញ់ប្រៀបកម្ពុជាលើការដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់អន្តរជាតិ ដ្បិតខ្លួនជាអ្នករំលោភបំពានលើប្រទេសកម្ពុជាដ៏ពិតប្រាកដ។ អ៊ីចឹងហើយ..បានជាពោលពាក្យដដែលៗ ធ្វើជាតួកម្សត់ ចង់ល្បួងកម្ពុជាឱ្យមកចរចាទ្វេភាគីជាមួយខ្លួនវិញ។

ការសម្ដែងឆាកល្ខោននយោបាយការទូត ដែលបង្កប់ដោយល្បិចកលដ៏ពិសពុលនេះ មិនអាចបិទបាំងការពិត ដែលមេដឹកនាំកម្ពុជាបានមើលឃើញជាមុននោះឡើយ ដូច្នេះការសម្រេចបញ្ចូនរឿងព្រំដែនទឹក ទៅកាន់យន្តការអន្តរជាតិ UNCLOS គឺជារឿងត្រឹមត្រូវបំផុត ព្រោះយើងពិតជាមិនអាចនិយាយអំពីការគោរពច្បាប់អន្តរជាតិ ជាមួយប្រភេទមនុស្សមានចរិតក្រអឺតក្រទម អួតអាង មើលងាយប្រទេសជិតខាងដូចជាភាគីថៃ ដែលតែងតែបំពានកិច្ចព្រមព្រៀង ដើរខ្សែលើ និងជារឿយៗតែងប្រើប្រាស់វិធានការឯកតោភាគី មកបំពានលើរដ្ឋអធិបតេយ្យនោះបានឡើយ។ ការប្រកាសរបស់ភាគីថៃ ដែលចង់ឱ្យមានកិច្ចចរចាទ្វេភាគី នៅចំពោះមុខអន្តរជាតិទាំងដែលការអនុវត្តជាក់ស្តែងផ្ទុយពីការនិយាយដាច់ស្រឡះនោះ គឺគ្រាន់តែជាល្បិចកលតជំនាន់របស់ពូជចោរឈ្លានពានទឹកដីខ្មែរនេះប៉ុណ្ណោះ ដើម្បីទម្លាក់កំហុសមកលើកម្ពុជា ទាំងដែលពិភពលោកបានដឹងយ៉ាងច្បាស់រួចទៅហើយថា ថៃគឺជាអ្នកបំផ្លាញទំនុកចិត្តប្រទេសជិតខាង បំផ្លាញកិច្ចព្រមព្រៀងសន្តិភាព និងរំលោភលើស្មារតីចរចាតាំងពីអតីតកាល៕



